ជួបជាមួយ បុប្ផា

អ្នកការពារសិទិ្ធមនុស្ស
អ្នកស្រី យ៉ោម បុប្ផា

ម្តាយមួយរូបទៀតពីសហគមន៍បឹងកក់ ដែលត្រូវបានឃុំខ្លួន

ពត៌មានសង្ខេប

អាយុ៖ ២៩ ឆ្នាំ
សហគមន៍៖ បឹងកក់
ថ្ងៃចាប់ខ្លួន៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២
ថ្ងៃជំនុំជម្រៈ ៖ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២
ពន្ធនាគារ៖ មណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ)
ផ្តល់នាមអ្នកទោស នៃមនសិការ ដោយអង្គការលើកលែងទោសអន្តរជាតិ
អ្នកស្រី យ៉ោម បុប្ផា ស្ទើរតែភ្លេចនូវចំនួនដង ដែលអ្នកស្រីត្រូវបានគម្រាមកំហែងដោយអាជ្ញាធរ ដោយ សារអ្នកស្រីបានចូលរួមក្នុងយុទ្ធនាការរបស់សហគមន៍បឹងកក់ (BKL)។

ក្នុងនាមជាតំណាងសហគមន៍បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែលមានអាយុ ២៩ឆ្នាំ ហើយជាម្តាយម្នាក់នោះ គឺជាសកម្មជនដីធ្លីម្នាក់ ដែលពូកែនិយាយ ហើយជាបុគ្គលសំខាន់នៅក្នុងយុទ្ធនាការដ៏យូអង្វែងរបស់
សហគមន៍អ្នកស្រី ដើម្បីប្រឆាំងនឹងការបណ្តេញចេញដោយបង្ខំ។ អ្នកស្រីមិនបានចាំនូវចំនួនដង ដែលអ្នកស្រីត្រូវបានគេវាយដំ ក្នុងអំឡុងពេលធ្វើការតវ៉ានោះទេ ប៉ុន្តែអ្នកស្រីចងចាំយ៉ាងច្បាស់ពីការ ដែលត្រូវបានគេឆក់ចំនួនពីរដង ដោយដំបងឆក់ នៅខណៈដែលកំពុងតវ៉ាដោយអហិង្សា។

បន្ទាប់ពីសមាជិកទាំង ១៣ នាក់ នៃសហគមន៍បឹងកក់ ត្រូវបានចាប់ខ្លួនដោយហិង្សា និងតាមអំពើចិត្តកាលពីខែឧសភា ឆ្នាំ២០១២ នោះ អ្នកស្រី យ៉ោម បុប្ផា បានស្ថិតនៅជួរមុខនៅក្នុងយុទ្ធនាការទាមទារឲ្យមានការដោះលែងអ្នកទាំងនោះ។ អ្នកស្រី បានរក្សានូវឋានៈជាមនុស្សសំខាន់នៅគ្រប់ការតវ៉ានានា បានក្លាយជាអ្នកនាំពាក្យដល់សារព័ត៌មានសម្រាប់យុទ្ធនាការ ហើយអ្នកស្រីថែមទាំងមិនមានការភ័យខ្លាច ក្នុងការរិះគន់មន្ត្រីរាជរដ្ឋាភិបាលជាសាធារណៈផងដែរ។ ថ្មីៗនេះ (ការលេចធ្លោនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីអាជ្ញាធរ) អ្នកស្រី ត្រូវបានគេគម្រាមកំហែង ដោយពាក្យសំដី រំខាន និងបំភិតបំភ័យ។

ស្ថិតនៅក្នុងយុទ្ធនាការ ដើម្បីឲ្យមានការដោះលែងអ្នកតំណាងសហគមន៍បឹងកក់ ដែលបានជាប់ឃុំ នគរបាលបានព្យាយាមដាក់គោលដៅតែមួយទៅអ្នកស្រី យ៉ោម បុប្ផា។ បន្ទាប់ពីការតវ៉ាដោយអហិង្សាមួយបានបញ្ចប់ អ្នកឃ្លាំមើលរបស់អង្គការមិនមែនរដ្ឋាភិបាលជាច្រើន បានផ្តល់នូវក្បួនសុវត្ថិភាពជូនអ្នកស្រីត្រឡប់មកផ្ទះវិញ បន្ទាប់ពីនគរបាលបានទទួលបញ្ជាឲ្យ “ចាប់ខ្លួនម្នាក់ ដែលមានពាក់ក្រមាខៀវនៅលើក្បាល” [យ៉ោម បុប្ផា]។
អ្នកស្រី យ៉ោម បុប្ផា ជាមនុស្សដែលមានគ្រួសារ មានកូនប្រុសអាយុ ៨ ឆ្នាំម្នាក់ ឈ្មោះ លួស លីហួរ។ ស្វាមីរបស់អ្នកស្រី ជាកម្មករសំណង់ រីឯម្តាយរបស់អ្នកស្រី ដែលបានលែងលះជាមួយស្វាមីរបស់គាត់នៅឆ្នាំ ១៩៩៩ គឺជាកសិករនៅខេត្តកំពង់ឆ្នាំង។ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ អ្នកស្រី យ៉ោម បុប្ផា បានធ្វើការងារសិប្បកម្មនៅក្នុងសហគមន៍បឹងកក់។

បច្ចុប្បន្ន អ្នកស្រី យ៉ោម បុប្ផា ស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន នៅឯពន្ធនាគារព្រៃស (មណ្ឌលអប់រំកែប្រែទី២ ឬ ម២) នៅរាជធានីភ្នំពេញ។

ខុសពីករណីអ្នកតំណាងសហគមន៍បឹងកក់ទាំង ១៣នាក់ បទចោទប្រកាន់ប្រឆាំងនឹងអ្នកស្រី គឺមិនជាប់ពាក់ព័ន្ធនឹងវត្តមានរបស់អ្នកស្រីនៅក្នុងការតវ៉ា និងបាតុកម្មនោះឡើយ។ អ្នកស្រី ត្រូវបានដាក់ឲ្យជាប់ពាក់ព័ន្ធនឹងបទល្មើសវាយបុគ្គល ដែលត្រូវបានសង្ស័យថា ជាចោរលួចជំនួសវិញ យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែវាមិនមានចម្ងល់នោះទេ ដែលករណីនេះជាករណីទាក់ទងនឹងនយោបាយ។

អ្នកឃ្លាំមើលសិទិ្ធមនុស្ស ជឿជាក់ថា អ្នកស្រី យ៉ោម បុប្ផា ត្រូវបានដាក់ក្នុងបញ្ជីខ្មៅទៅហើយ ដែលបច្ចុប្បន្នអ្នកស្រី កំពុងប្រឈមនឹង “គ្រោះថ្នាក់” ដែលត្រូវបានគម្រាមដោយនគរបាលតាំងពីយូរណាស់មកហើយ។ អ្នកស្រី នឹងត្រូវចូលខ្លួនក្នុងសវនាការជនុំជម្រះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ នៅសាលាដំបូងរាជធានីភ្នំពេញ នាវេលាម៉ោង ២ រសៀល។ ប្រសិនបើរកឃើញនូវពិរុទ្ធភាព អ្នកស្រី នឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលរហូតដល់ទៅ ៥ ឆ្នាំ ហើយពិន័យជាប្រាក់ចាប់ពី ៤ ទៅ ១០ លានរៀល (១.០០០ ដុល្លារ ទៅ ២.៥០០ ដុល្លារ)។

អ្នកស្រី យ៉ោម បុប្ផា ត្រូវបានកំណត់ជាគោលដៅ ក៏ព្រោះតែភាពសកម្មនិយមរបស់អ្នកស្រី។ អ្នកស្រី មិនមែនជាបុគ្គលទីមួយនោះទេ ហើយអ្នកស្រី ក៏មិនមែនជាបុគ្គលចុងក្រោយនោះដែរ។

អាជ្ញាធរកម្ពុជា មានប្រវត្តិជាយូរណាស់មកហើយ ក្នុងការបំបិទមាត់អ្នកដែលរិះគន់ និងធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌលើអ្នកដែលបង្កបញ្ហា រួចធ្វើឲ្យបញ្ហរួមតូច ដោយប្រើប្រាស់ប្រព័ន្ធតុលាការដែលប្រកាន់បក្សពួក និងធ្វើការមិនបានល្អ។ មនុស្សដែលប្រឈមនឹងគ្រោះថ្នាក់ភាគច្រើន គឺជាសកម្មជនដីធ្លី (អ្នកដែលការពារសហគមន៍រងគ្រោះ ប្រឆាំងនឹងផលប្រយោជន៍ឧកញ៉ាដែលជាអ្នកជំនួញដ៏មានអំណាច និងមានខ្នងបង្អែក។

ដោយមានប្រវត្តិបែបនេះ វាមិនអាចទៅរួចទេ ក្នុងការបន្ទាបតម្លៃនៃការគម្រាមកំហែងដោយឥតលាក់លៀម ដែលត្រូវបានធ្វើឡើងចំពោះអ្នកស្រី យ៉ោម បុប្ផា នៅមុនពេលមានការចាប់ខ្លួនអ្នកស្រី។ អ្នកតំណាងសហគមន៍បឹងកក់ដទៃទៀត ត្រូវបានគេធ្វើឲ្យជឿថា ការចាប់ខ្លួនអ្នកស្រី គឺជាការប៉ុនប៉ងមួយផ្សេងទៀតនៅក្នុងយុទ្ធនាការដែលកំពុងបន្ត ក្នុងការបំភិតបំភ័យសហគមន៍ទាំងមូល។ ការពិត ដែលសកម្មជនដីធ្លីដ៏លេចធ្លោទីពីរ អ្នកស្រី ទឹម សាក់មុន្នី ដែលមកពីសហគមន៍បុរីកីឡា ត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់ភ្លាមៗនោះ មិនបានបន្ថយការសង្ស័យរបស់ពួកគេនោះទេ។ ការពិត ដែលស្ត្រីទាំងពីររូប ត្រូវបានគេឃុំខ្លួនបណ្តោះអាសន្ន ដោយមិនសមហេតុផលនោះ (វិធានការណ៍ដែលគួរតែយកមកប្រើប្រាស់តែក្នុងករណី “លើកលែង”) គ្រាន់តែផ្តល់ទំងន់ដល់ការស្មានមើលថា បទចោទ គឺគ្រាន់ជាមធ្យោបាយក្នុងការបញ្ឈប់យុទ្ធនាការដែលកំពុងតែបន្ត របស់ពួកគេប៉ុណ្ណោះ។

ចាប់តាំងពីមានការចាប់ខ្លួនអ្នកស្រីអស់រយៈពេលជាងបីខែមកហើយ ស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា បានព្យាយាមផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ ក្នុងឋានៈជាអ្នកមើលថែរក្សាកូនប្រុស ហើយស្ថិតក្នុងស្ថានភាពសុខភាពខ្សោយផង លោកបានបង្ខំចិត្តឈប់ពីការងារ ហើយប្រើប្រាស់ប្រាក់សន្សំចុងក្រោយរបស់គ្រួសារ។ ជីវភាពគ្រួសារ គឺពឹងផ្អែកលើការជួលបន្ទប់នៅក្នុងផ្ទះរបស់លោកក្នុងតម្លៃ ៧០ ដុល្លារ ក្នុងមួយខែ។ អ្នកសហគមន៍តំបន់បឹងកក់ដទៃទៀត ក៏បានផ្តល់ការគាំទ្រ និងជួយមើលថែកូនរបស់អ្នកស្រី នៅពេលដែលចាំបាច់ផងដែរ។ ម្តាយរបស់អ្នកស្រី យ៉ោម បុប្ផា ក៏បានមកលេងពីខេត្តកំពង់ចាម នៅពេលណាដែលគាត់អាចមកបាន ទោះជាគាត់មានបញ្ហាសុខភាពផ្ទាល់ខ្លួនក៏ដោយ។

នៅមុនពេលឃុំខ្លូន អ្នកស្រី យ៉ោម បុប្ផា ចំណាយពេល ២ ម៉ោង ជារៀងរាល់ល្ងាច ដើម្បីជួយបង្រៀនបន្ថែមកូនដែលមានអាយុ ៨ ឆ្នាំ របស់អ្នកស្រី ឈ្មោះ លួស លីហួរ។ បច្ចុប្បន្នលីហួរ បានប្រាប់ទៅម្តាយរបស់ប្អូនថា ខ្លួនមានការលំបាក្នុងការផ្តោតលើការសិក្សានៅឯសាលារៀនណាស់ ហើយចំណាត់ថ្នាក់របស់ខ្លួនក៏បានធ្លាក់ចុះផងដែរ។ លីហួរ អាចទៅសួរសុខទុក្ខម្តាយរបស់ខ្លួននៅឯពន្ធនាគារ ម្តង ឬ ពីរដងក្នុងមួយសប្តាហ៍ ប៉ុន្តែគ្រួសារអ្នកស្រីនៅតែព្យាយាមទោះជាថ្លៃចំណាយខ្ពស់ក៏ដោយ (ជាទូទៅ អ្នកទាំងនោះចំណាយប្រាក់ ១០.០០០ រៀល សម្រាប់ថ្លៃធ្វើដំណើរ ហើយ ២០.០០០ រៀល សម្រាប់ផ្តល់ទៅឆ្មាំពន្ធនាគារ)។

អ្នកស្រី យ៉ោម បុប្ផា ត្រូវបានដាក់ក្នុងបន្ទប់ជាមួយស្ត្រីចំនួន ៦២ នាក់ផ្សេងទៀត រួមទាំងអ្នកស្រី ទឹម សាក់មុន្នី។ នៅមណ្ឌលអប់រំកែប្រែទី២ ស្ត្រីត្រូវបានគេដាក់ឲ្យស្ថិតក្នុងស្ថានភាពភិតភ័យ គ្មានអនាម័យ កកកុញ ហើយមិនមាន ឬមានការផ្តល់សេវាពេទ្យតិចតួច។ អ្នកជាប់ពន្ធនាគារ ត្រូវតែបង់ថ្លៃទំនិញនានា ដូចជាទឹកស្អាតសម្រាប់បរិភោគ និងកន្លែងសម្រាប់ដេក។ បន្ទប់មានសភាពក្តៅខ្លាំង ហើយមិនមានពន្លឺធម្មជាតិ និងខ្សល់ ចេញចូលបានគ្រប់គ្រាន់។ អ្នកដែលជាប់ឃុំបណ្តោះអាសន្ន ត្រូវបានគេដាក់នៅក្នុងបន្ទាប់ជាមួយអ្នកដែលត្រូវបានផ្តន្ទាទោសរួច ឬដាក់ពិរុទ្ធភាពរួច។

អ្នកស្រី យ៉ោម បុប្ផា នៅតែរក្សាភាពស្អាតស្អំ និងសង្ឃឹមថាយុត្តិធម៌នឹងត្រូវបានផ្តល់មកអ្នកស្រី។ ប៉ុន្តែយុត្តិធម៌ អាចត្រូវបានផ្តល់ លុះត្រាតែអ្នកស្រីត្រូវបានទទួលការជំនុំជម្រះនៅមុខតុលាការដែលឯករាជ្យ និងអព្យាក្រឹត ហើយលុះត្រាតែអ្នកស្រីត្រូវបានទទួលការជំនុំជម្រះដោយយុត្តិធម៌ ដោយផ្អែកលើគោលការណ៍សន្មតជាមុនថាគ្មានទោស។ គួរឲ្យសោកស្តាយយ៉ាងខ្លាំង ភាពទន់ខ្សោយនៃប្រព័ន្ធតុលាការនៅកម្ពុជា ទំនងជាមិនបានផ្តល់ការការពារទាំងនេះដល់អ្នកស្រីនោះទេ។
ពាក្យសំដីរបស់មន្ត្រីនគរបាលទៅកាន់អ្នកស្រី យ៉ោម បុប្ផា៖ “អ្នកនៅក្នុងបញ្ជីខ្មៅហើយឥឡូវនេះ…. អ្នកនឹងមានគ្រោះថ្នាក់នាពេលឆាប់ៗនេះ” ។

Advertisements

1 thought on “ជួបជាមួយ បុប្ផា”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s