ជួបជាមួយ សាក់មុន្នី

អ្នកការពារសិទិ្ធមនុស្ស
អ្នកស្រី ទឹម សាក់មុន្នី

ជាប់ពន្ធនាគារព្រោះការទាមទារសិទិ្ធលើផ្ទះសម្បែង

ព័ត៌មានសង្ខេប

អាយុ៖ ៦៤ ឆ្នាំ
សហគមន៍៖ បុរីកីឡា
ថ្ងៃចាប់ខ្លួន៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២
ថ្ងៃជំនុំជម្រះ៖ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២
ពន្ធនាគារ៖ មណ្ឌលអប់រំកែប្រែទី២ (ព្រៃស)
ផ្តល់នាមជាអ្នកទោសនៃមនសិការ ដោយអង្គការលើកលែងទោសអន្តរជាតិ
កាលពីដើមខែកញ្ញា ឆ្នាំ២០១២ អ្នកស្រី ទឹម សាក់មុន្នី ដែលមានអាយុ ៦៤ ឆ្នាំ ត្រូវបានហៅទៅជួប ឧកញ៉ា ស៊ុយ សុផាន។ អ្នកស្រី ស៊ុយ សុផាន គឺជាម្ចាស់ក្រុមហ៊ុន ផាន អ៊ីមិច ដែលជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការបណ្តេញចេញដោយបង្ខំលើគ្រួសារអ្នកស្រី ទឹម សាក់មុន្នី ពីផ្ទះនៅតំបន់បុរីកីឡា និងបំផ្លាញរាល់របស់របររបស់អ្នកស្រីសាក់មុន្នី។

អ្នកស្រី ស៊ុយ សុផាន បានផ្តល់ឲ្យកូនប្រុសអ្នកស្រី ទឹម សាក់មុន្នី ចំនួន ១.០០០ ដុល្លារ ជាសំណង និងកូនផ្ទះតូចមួយនៅតំបន់ទីលំនៅថ្មីទួលសំបូរ ដែលមានចម្ងាយ ២៥គីឡូម៉ែតពីរាជធានីភ្នំពេញ។ លោកបានបដិសេធទទួលយកសំណងនេះ។ ប៉ុន្មានថ្ងៃក្រោយមក អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានចាប់ខ្លួន។

អ្នកស្រីទឹម សាក់មុន្នី គឺជាអ្នកតំណាងដ៏លេចធ្លោម្នាក់ នៃសហគមន៍បុរីកីឡា នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរៃជាមួយក្រុមហ៊ុន ផាន អ៊ីមិច។ គ្រួសាររបស់អ្នកស្រី គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលត្រូវបានបណ្តេញចេញ (ដោយមានសំណងតិចតួច ប្រសិនបើមាន) ពីតំបន់បុរីកីឡា បន្ទាប់ពីក្រុមហ៊ុន ផាន អ៊ីមិច បានរំលោភលើកិច្ចសន្យាសាងសង់អគារ ចំនួន ១០ នៅតំបន់បុរីកីឡា សម្រាប់គ្រួសារថ្មី ដោយសង់ត្រឹមតែចំនួន ៨ អគារប៉ុណ្ណោះ។

បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេកាលពីខែមករា ឆ្នាំ២០១២ អ្នកស្រី ទឹម សាក់មុន្នី ជាមួយនឹងកូនប្រុសរបស់អ្នកស្រីឈ្មោះ អួន គង់ភិនាថ និងកូនភ្លោះរបស់លោក ដែលមានអាយុ ១២ ឆ្នាំ បានរស់នៅជាមួយនឹងរបស់របរបន្តិចបន្ទួច ដែលសេសសល់នៅលើគ្រែពីរជាន់តូចមួយនៅក្រោមកាំជណ្តើរ នៅតំបន់បុរីកីឡា។ អ្នកស្រី សំរាន្តនៅគ្រែជាន់ក្រោមជាមួយចៅភ្លោះ ហើយកូនប្រុសរបស់អ្នកស្រី សំរាន្តនៅលើគ្រែជាន់លើ។

អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា។ អាជ្ញាធរបានអះអាងថា អ្នកស្រី បានធ្វើការ “អះអាងដោយខុស” នៅក្នុងការព្យាយាមទទួលបានផ្ទះក្នុងអគារសម្រាប់កូនប្រុសរបស់អ្នកស្រី។ បណ្តឹងប្រឆាំងនឹងអ្នកស្រី ត្រូវបានដាក់ដោយអ្នកស្រី ស៊ុយ សុផាន។

អ្នកស្រី ទឹម សាក់មុន្នី បច្ចុប្បន្ន កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស (មណ្ឌលអប់រំកែប្រែទី២ ឬ ម២) នៅរាជធានីភ្នំពេញ។ អ្នកស្រី នឹងត្រូវបានជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ នាម៉ោង ២ រសៀល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២។ ប្រសិនបើរកឃើញពិរុទ្ធភាព អ្នកស្រីនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលរហូតដល់ ២ឆ្នាំ ហើយពិន័យជាប្រាក់ចាប់ពី ១ លាន ទៅ ៤ លានរៀល (២៥០-១.០០០ ដុល្លារ)។

មិនមានភាពចៃដន្យនោះទេ ដែលអ្នកស្រី ទឹម សាក់មុន្នី ត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់ បន្ទាប់ពីសកម្មជនដីធ្លីដ៏លេចធ្លោរម្នាក់ផ្សេងទៀត គឺអ្នកស្រី យ៉ោម បុប្ផា មកពីសហគមន៍បឹងកក់ ទទួលវាសនាដូចគ្នា។ ស្ត្រីទាំងពីរ ក្លាយជាបន្លាយ៉ាងច្បាស់នៅក្នុងកែវភ្នែករបស់អាជ្ញាធរ និងអ្នកមានអំណាចការពារផលប្រយោជន៍ផ្ទាល់ខ្លួន (អ្នកជំនួញស្តុកស្តម្ភស្រី និងប្រុស ដែលមានអំណាចទាំងឡាយ ហើយដែលមានទំនាក់ទំនងជិតស្និទិ្ធនឹងគណបក្សកាន់អំណាច)។ វាមានភាពច្បាស់ណាស់ថា ស្ត្រីបានក្លាយជាជនរងគ្រោះពីយុទ្ធសាស្ត្រក្នុងការបំភិតបំភ័យ និងបំបិទមាត់បណ្តាញនៃសកម្មជនដីធ្លីដែលកំពុងតែរីកដុះដាលនៅកម្ពុជា។

វាក៏មិនមែនជាភាពចៃដន្យដែរ ដែលចាប់តាំងពីការចាប់ខ្លួនរបស់អ្នកស្រី បុគ្គលិកក្រុមហ៊ុនផាន
អ៊ីមិច បានប្រើប្រាស់ការចាប់ខ្លួនរបស់អ្នកស្រី មកគម្រាមកំហែងចាប់ខ្លួនសមាជិកដទៃទៀតនៃសហគមន៍បុរី
កីឡា។

ទាំងអ្នកស្រីយ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ត្រូវបានឃុំខ្លួនបណ្តោះអាសន្នដោយគ្មានហេតុផលចាប់តាំងពីខែកញ្ញា (វិធានការណ៍មួយដែលគួរតែត្រូវបានប្រើប្រាស់នៅក្នុងតែករណី “លើកលែង” ដូចជាដើម្បីបញ្ឈប់បទល្មើសផ្សេងទៀតកើតឡើង ដើម្បីការពារការបំពានលើសាក្សី ឬជនរងគ្រោះ ឬដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ)។ ចំពោះករណីទាំងអស់នេះ គឺច្បាស់ណាស់មិនអាចយកមកអនុវត្តលើករណីរបស់ពួកគេនោះទេ។

នៅខណៈដែលម្តាយដ៏ល្ហិតល្ហៃរបស់លោកនៅក្នុងពន្ធនាគារ លោក អួន គង់ភិនាថ ដែលមានអាយុ ៤៥ ឆ្នាំ បានកំពុងព្យាយាមផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ និងមើលថែរក្សាកូនភ្លោះទាំងពីររបស់លោក។
ឋានៈជានាយទាហានតាំងពីអាយុ ១៥ ឆ្នាំ លោកបានទទួលរងជំងឺពិការជើងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីអំបែងគ្រាប់ និងបញ្ហាផ្នែកក្បាល នៅពេលគាត់មានអាយុ ១៨ ឆ្នាំ។ ទោះជាទទួលរងរបួសបែបនេះ លោកក៏នៅតែបន្តធ្វើការក្នុងជួរទាហាន ក្នុងឋានៈជាអ្នករដ្ឋបាល រហូតដល់លោកចូលនិវត្តន៍ដោយសារភាពពិការរបស់លោក នៅពេលលោកមានអាយុ ៣៦ ឆ្នាំ។ លោក មិនអាចរកការងារចាប់តាំងពីពេលនោះមក។ លោក ក៏មានរោគរបេង ដែលតម្រូវឲ្យមានការថែទាំផ្នែកវេជ្ជសាស្ត្រផងដែរ។

ដោយការចាកចេញពីជួរកងទ័ព លោកបានទទួលនូវកញ្ចប់ប្រាក់ចូលនិវត្តន៍បន្តិចបន្ទួច ដែលលោកបានយកទៅទិញដីទំហំ ៥x៧ ម៉ែត្រការ៉េ ដើម្បីសាងសង់ផ្ទះនៅក្នុងតំបន់បុរីកីឡា នៅជិតកន្លែងដែលម្តាយរបស់លោកទើបតែផ្លាស់មកនៅ។ កូនភ្លោះរបស់លោក ម្នាក់ស្រី និងម្នាក់ទៀតប្រុស កើតនៅខែវិច្ឆិកា ឆ្នាំ២០០០ (ម្តាយរបស់ពួកគេបានស្លាប់ ៧ ថ្ងៃក្រោយកំណើតរបស់ពួកគេ)។

អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានបណ្តេញចេញពីផ្ទះរបស់អ្នកស្រី នៅក្នុងតំបន់បុរីកីឡា នៅឆ្នាំ២០០៧ និងត្រូវបានផ្តល់ផ្ទះក្នុងអគារជំនួស ដែលក្រោយមកអ្នកស្រីបានលក់ផ្ទះនោះ ដើម្បីជួយផ្គត់ផ្គង់កូនប្រុស និងចៅប្រុសភ្លោះរបស់អ្នកស្រី។ អ្នកស្រីបានរស់នៅជាមួយកូនប្រុស និងចៅភ្លោះ រហូតដល់មានការបណ្តេញចេញនៅ ខែមករា ឆ្នាំ២០១២។ ជាស្ត្រីមេម៉ាយ (ស្វាមីរបស់អ្នកស្រីបានស្លាប់ក្នុងអំឡុងពេលរបបខ្មែរក្រហម) អ្នកស្រី គឺជាអ្នកមើលថែរក្សា និងអ្នករកចំនូលដ៏សំខាន់ម្នាក់ សម្រាប់គ្រួសារ។

ចាប់តាំងពីមានការចាប់ខ្លួនអ្នកស្រី គ្រួសារអ្នកស្រីបានពឹងផ្អែកលើជំនួយពីសហគមន៍បុរីកីឡា និងអង្គការមិនមែនរដ្ឋាភិបាលនានា។ កូនភ្លោះ ក៏បានជួយរកចំនូលសម្រាប់គ្រួសារ ដោយដើរប្រមូលសំបកកំប៉ុង និងដបទទេរ ពីតាមផ្លូវ យកទៅលក់។ ពួកគេក្រោកពីដេកនៅម៉ោង ៥ ព្រឹក ដើម្បីទៅរកប្រាក់មួយចំនួន មុនពេលទៅសាលារៀន។ ទោះជាមានបញ្ហាច្រើនក្នុងគ្រួសារ ចៅភ្លោះទាំងពីរក៏ទទួលបានកំណត់ត្រាល្អពីសាលារៀនផងដែរ។

អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានដាក់នៅក្នុងបន្ទប់ជាមួយស្ត្រី ចំនួន ៦២ នាក់ផ្សេងទៀត រួមទាំងអ្នកស្រី យ៉ោម បុប្ផា។ អ្នកស្រី មានបញ្ហាផ្នែកបេះដូង ហើយអ្នកស្រីក៏បានស្រកទម្ងន់អស់ជាច្រើន ចាប់តាំងពីអ្នកស្រីត្រូវបានគេឃុំខ្លួន។

នៅមណ្ឌលអប់រំកែប្រែទី២ ស្ត្រីត្រូវបានគេដាក់ឲ្យស្ថិតក្នុងស្ថានភាពភិតភ័យ គ្មានអនាម័យ កកកុញ ហើយមិនមាន ឬមានការផ្តល់សេវាពេទ្យតិចតួច។ អ្នកជាប់ពន្ធនាគារ ត្រូវតែបង់ថ្លៃទំនិញនានា ដូចជាទឹកស្អាតសម្រាប់បរិភោគ និងកន្លែងសម្រាប់ដេក។ បន្ទប់មានសភាពក្តៅខ្លាំង ហើយមិនមានពន្លឺធម្មជាតិ និងខ្សល់ ចេញចូលបានគ្រប់គ្រាន់។ អ្នកដែលជាប់ឃុំបណ្តោះអាសន្ន ត្រូវបានគេដាក់នៅក្នុងបន្ទាប់ជាមួយអ្នកដែលត្រូវបានផ្តន្ទាទោសរួច ឬដាក់ពិរុទ្ធភាពរួច។

ដូចគ្នានឹងអ្នកស្រី យ៉ោម បុប្ផា អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានគេឃុំខ្លួនក្នុងពន្ធនាគារ ក៏ព្រោះតែភាពសកម្មនិយមរឿងដីធ្លីរបស់អ្នកស្រី។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានថ្លែងថាស្ត្រីទាំងពីររូប គឺជាអ្នកទោសនៃមនសិការ ដែលគួរតែត្រូវបាន ដោះលែងភ្លាមៗ និងមិនមានល័ក្ខខ័ណ្ឌ។ អាជ្ញាធរកម្ពុជា សូមមេត្តាយកចិត្តទុកដាក់លើការអំពាវនាវនេះផង។

“ប្រសិនបើមិនទទួលយកសំណង យើងនឹងចាប់ខ្លួនស្ត្រីម្នាក់ពីសហគមន៍របស់អ្នក ដើម្បីបន្លាចដល់អ្នកដទៃ”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s