អាមេរិក ស្នើ​ឲ្យ​ដោះលែង​អ្នក​ភូមិ​បឹងកក់

ឃុត សុភចរិយា និង SHANE WORRELL  ភ្នំពេញប៉ុសិ៍ ថ្ងៃទី១៥ មិថុនា ២០១២

អ្នក​បឹងកក់​ទាំង​ក្មេង​ទាំងចាស់ តវ៉ា​ទទូច​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង ១៥ នាក់។ រូបថត ម៉េង គីម​ឡុង

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ហោ ណាំហុង នៅ​ជំនួប​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា ចំណាត់ការ​បែបនេះ​នឹង​ជួយ​គាំទ្រ​សេរីភាព​នៃ​ការបញ្ចេញមតិ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​អ្នកស្រី Victoria Nuland បាន​ថ្លែង​ក្រោយ​ជំនួប​រវាង​មន្ត្រី​ទាំងពីរ​ថា លោកស្រី គ្លី​ន​តុ​ន​បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការតវ៉ាថ្មីៗនេះ​ទាក់ទង នឹង​បញ្ហា​សិទ្ធិ​ដីធ្លី ហើយ​ទទូច​ឲ្យ​កម្ពុជា​អនុញ្ញាត​ឲ្យ​ទណ្ឌិត​ជា​អ្នកភូមិ​បឹងកក់​ទទួលបាន​ដំណើរ​ការដែល​ត្រឹមត្រូវ ពេញលេញ។ អ្នកស្រី Nuland បាន​ថ្លែងថា៖«ហើយ​លោកស្រី​ពិតជា​កត់សម្គាល់​ឃើញថា ការដោះលែង​ពួកគេ​នឹង​ក្លាយជា​សញ្ញា​នៃ​ការគាំទ្រ​សេរីភាព​នៃ​ការ បញ្ចេញមតិ»។

ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​តវ៉ា​ពី ការបណ្តេញចេញ​នៅ​តំបន់​បឹងកក់​ពីថ្ងៃ​ទី ២២ ខែឧសភា ហើយ​ត្រូវបាន​ចោទប្រកាន់ ២ ថ្ងៃ​ក្រោយមក​ពីបទ​បង្កជម្លោះ​ជាមួយ​អាជ្ញាធរ និង​រំលោភ​លើដី​ដែល​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ស៊ូ​កា​គូ​អ៊ី​ន​របស់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា លោក ឡាវ ម៉េង​ឃី​ន។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ផ្តន្ទាទោស​ស្ត្រី​ទាំងនោះ រួមទាំង​ស្ត្រី​វ័យ៧២ ឆ្នាំ​ម្នាក់​ផង​ឲ្យ​ជាប់ពន្ធនាគារ​ពី១ឆ្នាំទៅ២ឆ្នាំកន្លះ។

សមាជិកសភា​គណបក្ស​សមរង្ស៊ី​លោកស្រី មូរ សុខ​ហួរ ដែល​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​បន្ទាប់ពី​ការកាត់ទោស នោះបាន​ថ្លែងថា ប្រសាសន៍​របស់លោក​ស្រី គ្លី​ន​តុ​ន វិជ្ជមាន​ខ្លាំងណាស់។

លោកស្រី​ថ្លែង​ពី​សហរដ្ឋអាមេរិក​ជាទី​ដែល​លោកស្រី ក៏បាន​ចូលជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ថា៖ «វា​មាន​មូលដ្ឋាន​ច្បាស់​សម្រាប់​លោកស្រី​ចោទសួរ​ពី​កង្វះ​ដំណើរការ ត្រឹមត្រូវ​ពេញលេញ​នោះ»។

លោកស្រី​បន្តថា៖ «ខ្ញុំ​ជឿ​ជា​វិជ្ជមាន​ថា វឌ្ឍនភាព​នឹងមាន។ រង់​ចាំមើល​សាលាឧទ្ធរណ៍។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ពួកគេ​នឹង​ត្រូវបាន​ដោះលែង មុនពេល​លោកស្រី​ហ៊ី​ឡា​រី ទៅដល់​ភ្នំពេញ​នៅ​ខែកក្កដា[ដើម្បី​ចូលរួម​វេទិកា​តំបន់​អាស៊ាន]»។

លោកស្រី​បន្តទៀតថា៖ «ខ្ញុំ​មាន​ទំនុកចិត្ត​ថា លោក ហោ ណាំហុង ស្តាប់​បាន​សារ[លោកស្រី​គ្លី​ន​តុ​ន]។ វា​ជា​ស្ថានភាព​ឈ្នះ​ឈ្នះ​ដើម្បី​បញ្ចប់​ករណីនេះ​នៅ​សាលាឧទ្ធរណ៍»។

ប្រសាសន៍​លោកស្រី គ្លី​ន​តុ​ន បានផ្តល់​ក្តីសង្ឃឹម​ខ្លះ​ដល់​សហគមន៍​បឹងកក់​ដែល​បាតុករ​ពួកគេ​បានចេញ មក​តវ៉ា​តាម​ដងផ្លូវ​ជាថ្មីទៀត​កាលពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​ស្នើ​ឲ្យ អាជ្ញាធរ​អន្តរាគមន៍។

លោក អ៊ូ គង់​ជា ប្តី​អ្នកស្រី ទេព វ​ន្នី ជា​សកម្មជន​ជាប់ពន្ធនាគារ បាន​ថ្លែងថា៖ «ខ្ញុំ​រីករាយ​ណាស់ គាត់​បារម្ភ​ពី​សហគមន៍​យើង។ ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា​នឹង​គិតពី​ការអត្ថាធិប្បាយ​របស់គាត់ និង​ដោះលែង​មិត្ត​យើង​ទាំង ១៥នាក់»។

លោក សៀក ហេង ដែល​ប្រពន្ធ​ឈ្មោះ គង់ ចន្ថា បាន​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដែរនោះ បាន​ថ្លែងថា គេ​មិនអាច​ព្រងើយកន្តើយ​នឹង​បញ្ហា​នេះ​តទៅទៀត​ឡើយ។

លោក​ថា៖ «ព័ត៌មាន​អំពី​វិវាទ​នេះ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​ដោះស្រាយ»។

អ្នកស្រី យម បុប្ផា អ្នក​តវ៉ា​បាន​ថ្លែងថា នគរបាល​បាន​រារាំង​និង​គំរាម​ចាប់ខ្លួន​ក្រុមអ្នកតវ៉ា​មាន គ្នា១០០នាក់ ខណៈ​ពួកគេ​ដើរ​ដង្ហែ​ឆ្ពោះ​ទៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹង​ញត្តិ ដែល​ទីបំផុត​មិនបាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ដែល​កំពុង​រង់ចាំ​នោះទេ។ អ្នកស្រី​ថា ៖ «យើង​ភ័យខ្លាច​ថា គេ​ដា​ក់វា​ក្នុង​ធុងសំរាម»។

នគរបាល​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ នៅពេល​សួរថា តើ​មានបាន​គំរាម​ចាប់ខ្លួន​ជនណាម្នាក់​ដែរ​ទេ?

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ បាន​ថ្លែងថា រដ្ឋាភិបាល​គួរ​ឲ្យ​ករណីនេះ​ត្រូវបាន​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍ ឲ្យ​បាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន។ លោក​ថ្លែងថា៖ «ខ្ញុំ​គិតថា រដ្ឋាភិបាល​គួរ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្រាប់​ប្រជាជន​បឹងកក់»។

លោកស្រី គ្លី​ន​តុ​ន ក៏បាន​កោតសរសើរ​ក​ម្ពុ​ជា ដែល​មិន​បន្ត​អនុវត្ត​ជាមួយនឹង​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ រដ្ឋាភិបាល​ដែល​បានស្នើ​ឡើង​ហើយ​រង​ការរិះគន់​ជាទូទៅ លោកស្រី​ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​ដោយ​យុ​តិ្ត​ធម៌ និង​សេរី នៅ​ឆ្នាំ​ក្រោយនេះ។

លោកស្រី​បន្តថា ទោះយ៉ាងណា​វា​អាស្រ័យ​លើ​ប្រជាជន​កម្ពុជា​ត្រូវ​សម្រេច​ថា តើ​លោក សម រង្ស៊ី គួរ​វិលត្រឡប់​សម្រាប់​ការបោះឆ្នោត​ឬ​យ៉ាងណា?

លោកស្រី មូរ សុខ​ហួរ បាន​ថ្លែងថា គណបក្ស​របស់លោក​ស្រី នឹង​បន្ត​ជំរុញ​ឲ្យ​លោក សម រង្ស៊ី វិលត្រឡប់​មកវិញ ដោយ​លោកស្រី បាន​បន្ថែមថា លោកស្រី​ពេញចិត្ត​បំផុត​ដែល​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ពិចារណា​បញ្ហា របស់លោក​ស្រី នៅពេល​លោកស្រី​ជួប​ជាមួយនឹង​ពួកគេ។

ទោះជា​យ៉ាងណា លោកស្រី​នៅតែ​បន្ត​ជំរុញ​ឲ្យ​អាមេរិក​កាត់បន្ថយ​ជំនួយ​យោធា​ដល់​កម្ពុជា នៅពេល​លោកស្រី​ចូលរួម​កិច្ចប្រជុំ​បន្តទៀត នៅ​ក្រុង​វ៉ាស៊ីនតោន នា​សប្តាហ៍​ក្រោយ។ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បដិសេធ​មិន​ផ្តល់​ការអត្ថាធិប្បាយ​ទេ៕ CR/TK

រាយការណ៍​បន្ថែមៈ វង្ស សុ​ខេង

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s