ព្រោះ​តែ​ស្វែងរក​ការ​ដោះលែង​ម្តាយ​កុមារី​ម្នាក់​នៅ​បឹងកក់​បាន​ធ្លាក់​ខ្លួន​ឈឺ

ឃុត សុភចរិយា ភ្នំពេញប៉ុសិ៍ ថ្ងៃទី ១៩ មិថុនា ២០១២

កុមារី ប៉ោ សុ​គុណ្ណ​កញ្ញា បាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​នាង​ចូល​រួមការ​ដង្ហែ​ញត្តិ ក្នុង​បំណង​ស្វែងរក​ការអន្តរាគមន៍​ឲ្យ​ដោះលែង​ម្តាយ។ រូបថត ម៉េង គីម​ឡុង

ភ្នំពេញៈ កូនស្រី​របស់​ស្ត្រីជន​ជាប់ចោទ​ម្នាក់​ក្នុងចំណោម១៣នាក់ ក្នុង​សហគមន៍​បឹងកក់ បាន​ធ្លាក់ខ្លួន​ឈឺ​បី​ថ្ងៃ​ហើយ បន្ទាប់ពី​នាង​ចូល​រួមការ​ដង្ហែ​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​នានា រួមទាំង​ស្ថានទូត និង​ព្រះមហាក្សត្រ​ផង ដើម្បី​សុំ​ឲ្យ​ជួយ​ដោះលែង​ម្ដាយ​និង​អ្នកភូមិ​ជាង១០នាក់ ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​ពេល​ជាច្រើន​ថ្ងៃ​មក​នោះ។

កុមារី ប៉ោ សុ​គុណ្ណ​កញ្ញា អាយុ ១១ឆ្នាំ ដែលជា​កូន​របស់​អ្នកស្រី តុល ស្រី​ពៅ ត្រូវគេ​រាយការណ៍​ថា កំពុងមាន«ជំងឺ​រលាក​បំពង់ក» ក្រោយពី​នាង​បាន​ដង្ហោយ​យំ​ស្ទើរ រាល់ថ្ងៃ​សុំ​ឲ្យ​ស្ថាប័ន​នានា រួមទាំង​ស្ថានទូត និង​ព្រះមហាក្សត្រ​ផង ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ម្ដាយ​និង​អ្នកភូមិ​របស់​នាង។

ឪពុក​នាង លោក ប៉ោ គុណ​តារា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «ពីដំបូង​នាង​គ្រុនក្ដៅ​មមើមមាយ​រក​ម៉ា​ក់វា ខ្ញុំ​ក៏​មិន​ចាប់អារម្មណ៍​ដែរ ដោយ​គិតថា កូន​វា​នឹក​ម្ដាយ។ ប៉ុន្តែ​ពីរ​ថ្ងៃ​ក្រោយមក​នាង​ត្អូញ ឈឺបំពង់ក​ហើយ​ក្ដៅខ្លួន​កាន់តែខ្លាំង ខ្ញុំ​ក៏​ប្រញាប់​នាំ​នាង​ទៅ​គ្លីនិក​ឯកជន ព្យាបាល…គ្រូពេទ្យ​ប្រាប់ថា នាង​រលាក​បំពង់ក»។

លោក​បន្តថា ចាប់ពី​អាជ្ញាធរ​ចាប់ខ្លួន​ប្រពន្ធ​គាត់ ហើយ​តុលាការ​កាត់​ឲ្យ​ជាប់ឃុំ​ពីរ​ឆ្នាំកន្លះ​មក កូនស្រី​គាត់​មានទឹក​មុខស្រងូត​ស្រងាត់​ណាស់ ហើយ​គិតតែ​ពី​យំ​ឲ្យ​គាត់​ជូន​នាង​និង​ប្អូន​ពីរ​នាក់​ទៀត​ទៅ​ជួប​ម្ដាយ​នៅ ឯ​ពន្ធនាគារ​ព្រៃ​ស ប៉ុន្តែ គាត់​ពុំមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ជូន​ពួកគេ​ទៅ​ទេ។

លោក​និយាយ​ទាំង​រលីងរលោង​ទឹកភ្នែក​ថា ៖ «នាង​ប្រាប់​ឲ្យ​ខ្ញុំ​ទៅសុំ​អង្វរ​គេ​ឲ្យ​ដោះលែង​ម្ដាយ​នាង​ចេញពី​គុក។ ខ្ញុំ​ពិតជា​ខ្លោចផ្សារ​ក្នុង​ចិត្ត​ណាស់ នៅ​ពេលឮ​កូន​និយាយថា ម៉េច​ប៉ា​មិន​ជួយ…ឲ្យ​គេ​ចាប់​ម៉ាក់​ទៅ​អ៊ីចឹង»។

ក្រោយមក​នាង​បាន​អាក់ខាន​ក្នុងការ​ទៅ​សាលារៀន​ជា​ញឹកញាប់ ដើម្បី​ចូលរួម​ជាមួយ​អ្នកភូមិ ក្នុង​ការដើរ​ដាក់​ញ​តិ្ត​សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​ម្ដាយ​និង អ្នកភូមិ​បឹងកក់១៤នាក់​ទៀត។

ក្នុងការ​ដាក់​ញ​តិ្ត​នោះ នាង​បាន​ខំប្រឹង​ស្រែក​ផង​យំ​ផង​ថា ៖«ដោះលែង​អ្នក​ម្ដាយ​និង​អ្នកភូមិ​របស់ខ្ញុំ​វិញ​មក ពួកគាត់​គ្មាន​កំហុស​ទេ។ គាត់​មិនមែនជា​ចោរលួច​ប្លន់​ទ្រព្យសម្បត្តិ​អ្នកណា​ទេ ពួកគាត់​គ្រាន់តែ​ការពារ​ដី និង​ផ្ទះ​សម្រាប់​ក្រុមគ្រួសារ និង​សហគមន៍​ក្នុង​តំបន់​បឹងកក់​ប៉ុណ្ណោះ»។

ដោយមាន​ជំងឺ​កាលពី​ម្សិលមិញ នាង​ពុំមាន​វត្ត​មាននៅ​ក្នុងកា​រ​ចូលរួម​បង្ហោះ​ប៉េងប៉ោង និង​បួងសួង​នៅមុខ​ព្រះអង្គ​ដង​កើ ជាមួយ​អ្នកភូមិ​ប្រមាណ៥០នាក់​ទៀត ដើម្បី​សុំ​ឲ្យ​ព្រះ​បារមី​ស័ក្ដិសិទ្ធិ​ជួយ​បន្ទន់ចិត្ត​សាលាឧទ្ធរណ៍​ឲ្យ​ដោះលែង​ម្ដាយ​និង​អ្នកភូមិ​វិញ​នោះទេ។

តាមរយៈ​ការប្រឹងប្រែង​ដើរ​ដាក់​ញត្តិ​កន្លងមកនេះ និង​ដោយមាន​ការគាំទ្រ​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អ្នកភូមិ​បឹងកក់​ពីរ​នាក់​ត្រូវបាន​តុលាការ​រាជធានី​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ដោះលែង​ឲ្យ​នៅ ក្រៅ​ឃុំ ហើយ​សាលាឧទ្ធរណ៍ ក៏បាន​សម្រេច​បើកសវនាការ​លើ​សំណុំរឿង​ស្ត្រី​បឹងកក់១៣ នាក់ ដែល​ក្នុងនោះ​រួមទាំង​ម្ដាយ​របស់​នាង​ម្នាក់​ផង​នៅ​ថ្ងៃ​ពុធ​សប្តាហ៍ ក្រោយនេះ ដែល​នាង​សង្ឃឹមថា ថ្ងៃនោះ​ជា​ថ្ងៃ​ដែល​នាង​បានរស់នៅ​ជួបជុំ​ម្ដាយ​របស់​នាង​វិញ៕

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s