អ្នក​បឹងកក់​ថា អាជ្ញាធរ​ក្រុង​ធ្វើ​ឲ្យ​ជម្លោះ​កើន​កម្តៅ

ភ្នំពេញប៉ុស្តិ៍ ព្រហស្បតិ៍ ទី២១ ឧសភា ២០១២ ឃុត សុភចរិយា

ភ្នំពេញៈ ពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ ដែល​រួមទាំង​គ្រួសារ នៃ​ក្រុម​ស្ត្រី​ជាប់ឃុំ​ទាំង ១៣ នាក់ បាន​បន្ទោស​ការបន្ត​អូសបន្លាយ​នៃ​ជម្លោះដីធ្លី​ដែល​កាន់តែ​ឡើង កម្តៅ នៅក្នុង​សហគមន៍​នេះ ទៅលើ​អាជ្ញាធរ​ពាក់ព័ន្ធ​រាជធានី ដែល​មិនបាន​បែងចែក​ដី​ទំហំ ១២,៤៤ ហិកតា ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានផ្ដល់​ជា​ប្រទានកម្ម​ជូន​ពួកគាត់​នោះ ដោយ​តម្លាភាព។

បើតាម​អ្នកភូមិ ដី​ទំហំ​ជាង ១២ ហិកតា​នេះ អាច​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ទាំង ៧០០ គ្រួសារ បានគ្រប់ៗគ្នា ហើយ​នៅសល់​ដី​ថែម​ទៀតផង​ប៉ុន្តែ​អាជ្ញាធរ​រាជធានី បែរជា​កាត់​ពលរដ្ឋ​ជិត ១០០គ្រួសារ​ចេញពី​គម្រោង​ទទួលបាន​ដី​ទៅវិញ ទើប​ការតវ៉ា​ចេះតែ​បន្ត។

លោក​ចាន់ រិ​ទ្ធិ​ស័ក្ដិ ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ម្នាក់ ដែល​នៅ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​ពីសា​លា​រាជធានី បាន​និយាយថា អំពើពុករលួយ និង​ការមិន​ទទួលខុសត្រូវ​របស់​អា​ជ្ញា​ធរ​ភូមិ សង្កាត់ ខណ្ឌ រួមទាំង អាជ្ញាធរ​រាជធានី បានធ្វើ​ឲ្យ​ពួកគាត់ ដែលជា​ពលរដ្ឋ​មាន​លំនៅដ្ឋាន​ពិតប្រាកដ ក្នុង​សហគមន៍​បឹងកក់ ទទួលរង​នូវ​ការរំលោភបំពាន គ្រប់បែបយ៉ាង រួមទាំង​សិទ្ធិ​ក្នុងការ​និយាយស្ដី​ផងដែរ។ លោក​បន្តថា៖«ពលរដ្ឋ​របស់​យើង ត្រូវបាន​គេ​ចាប់​ដាក់គុក ដោយ​ចោទប្រកាន់ថា ប្រឆាំង​បទបញ្ជា​មន្ត្រី​សាធារណៈ នៅពេលដែល​ពួកយើង​តវ៉ា ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ ចំពោះ​ការរំលោភបំពាន​ផ្ទះ​របស់​យើង»។

ពលរដ្ឋ​ក្នុង​តំបន់​បឹងកក់​ម្នាក់ទៀត អ្នកស្រី បូ ឆវី បាន​និយាយថា ការពិត ទំនាស់​ដីធ្លី នៅក្នុង​តំបន់​បឹងកក់ ត្រូវបាន​បញ្ចប់ ចាប់តាំងពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ដី ១២,៤៤ ហិកតា ក្នុង​តំបន់​នេះ សម្រាប់​ផ្ដល់​ជា​ប្រទានកម្ម ជូន​ដល់​ពលរដ្ឋ ដែល​នៅ​សេសសល់ និង​បាន​ស្នើសុំ​អភិវឌ្ឍន៍​នៅនឹងកន្លែង​ចំនួន​ជិត ៧០០ គ្រួសារ កាលពីដើម​ខែសីហា ឆ្នាំ២០១១ មក បើសិនជា​អាជ្ញាធរ​រាជធានី ធ្វើការ​ដោះស្រាយ​និង​បែងចែក​ដី​នោះ ជូន​ពលរដ្ឋ​ដោយ​តម្លាភាព​នោះ។

អ្នកស្រី​បន្តថា អនុក្រឹត្យ​លេខ ១៨៣ បានបញ្ជាក់​ច្បាស់​ណាស់​ថា ដី ១២,៤៤ ហិកតា សម្រាប់​ផ្ដល់ជូន​ពួកគាត់ ហើយ​ជាង ១១០ ហិកតា​ផ្សេងទៀត ផ្ដល់ជូន​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន សម្រាប់​អភិវឌ្ឍន៍​តាម​គម្រោងរ​បស់​រាជរដ្ឋាភិបាល។ ប៉ុន្តែ​មិនទាន់បាន​បោះបង្គោល​កំណត់​ព្រំប្រទល់​ដី​ទាំងពីរ ឲ្យ​បានច្បាស់លាស់​ផង អាជ្ញាធរ​រាជធានី បាន​កាត់​ពលរដ្ឋ​ជិត ១០០ គ្រួសារ ចេញពី​គម្រោង​ទទួលបាន​ចំណែក​ដី១២,៤៤ ហិកតា ដោយ​អះអាងថា ផ្ទះ​របស់​ពួកគាត់ ស្ថិតនៅ​លើដី​ក្រុមហ៊ុន​ទៅវិញ។ អ្នកស្រី​ថ្លែងថា៖«នេះ​ជា​មូលហេតុ ដែល​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​យើងខ្ញុំ ធ្វើការ​តវ៉ា ដើម្បី​ទាមទារ​ដំណោះស្រាយ ប្រកបដោយ​តម្លាភាព ពី​សាលា​រាជធានី»។

ទោះជា​បែបណា អ្នកស្រី​បាន​ទទួលស្គាល់ថា ពលរដ្ឋ​ភាគច្រើន បានទទួល​ប័ណ្ណ​សំគាល់​អចលនៈវត្ថុ​ពី​អាជ្ញាធរ​រាជធានី​ហើយ រួមទាំង​រូបគាត់​ផងដែរ។ ប៉ុន្តែ​គាត់​និង​អ្នកភូមិ​មួយចំនួនទៀត នៅតែ​ចូលរួម​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​រាជធានី ដាក់បញ្ចូល​ពលរដ្ឋរ​ង​គ្រោះ​ជាច្រើន​គ្រួសារ ដែល​ត្រូវបាន​កាត់​ចេញពី​គម្រោង​ទទួលបាន​ចំណែក​ដី​នេះ​មកវិញ។

អ្នកស្រី​ថ្លែងថា៖«យើង​មិនអាច​នៅ​ស្ងៀម ទ្រាំ​មើល​នូវ​ភាពអយុត្តិធម៌​នេះ​បានទេ យើង​ត្រូវតែ​ចេះ​ជួយ​គាំទ្រ​និង​ការពារ​គ្នា​ទៅវិញទៅមក ពីព្រោះ​យើង​ជា​ពលរដ្ឋ​ក្នុង​សហគមន៍​តែមួយ»។

អ្នកស្រី​ក៏បាន​បដិសេធ​ផងដែរ​ថា រាល់​ការតវ៉ា​របស់​ពួកគាត់ មិនមែន​ធ្វើឡើង ក្រោម​ការ​ញុះញង់​ពី អង្គការក្រៅរដ្ឋាភិបាល ឬ​ក្រុម​ជនបរទេស​ណាមួយ​ឡើយ គឺ​ពួកគាត់​ធ្វើឡើង​តាម​ឆន្ទៈ​ផ្ទាល់​របស់ខ្លួន។ អ្នកស្រី​ថ្លែងថា៖«ដី​និង​ផ្ទះ​របស់​យើង មិនមែនជា​របស់​អង្គការក្រៅរដ្ឋាភិបាល ឬ​ជនបរទេស​ណា​នោះទេ ដូច្នេះ​គ្មាន​អ្នកណា​មក​ញុះញង់​យើង​ឲ្យ​តវ៉ា​នោះទេ គឺ​យើង​តវ៉ា ដើម្បី​ការពារ​ដី និង​ផ្ទះ​របស់​យើង​ដោយ​ខ្លួនឯង»។

ការលើកឡើង​របស់​អ្នកភូមិ​បឹងកក់​បែបនេះ បានធ្វើ​ឡើង បន្ទាប់ពី​សាលា​រាជធានី បានចេញ​ផ្សាយ​អត្ថបទ​មួយ ដែលមាន​ចំណងជើង​ថា៖«តើ​អង្គការក្រៅរដ្ឋាភិបាល ពួក​ជនបរទេស និង​ជន​ជ្រុលនិយម គាំទ្រ «សិទ្ធិមនុស្ស» និង «ជើងឯក​ខាង​ប្រជាធិបតេយ្យ ដែល​ប៉ិន​ខាង​ឡូឡា នឹង​ទុក​ឲ្យ​ស្ត្រី​ទាំងនោះ​ឯកោ​ឬ?»។

អត្ថបទ​នោះ បាន​ចោទប្រកាន់​អ្នកភូមិ​បឹងកក់ ដែល​បានធ្វើ​ការតវ៉ា​ការពារ​សិទ្ធិ​លំនៅដ្ឋាន​របស់ខ្លួន​ថា ស្ថិតក្រោម​ស្លាប​នៃ​អង្គការក្រៅរដ្ឋាភិបាល និង​ជនបរទេស​មួយចំនួន។

លោក កើត ឆែ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​បានទេ​កាលពី​ម្សិលមិញ៕

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s