សេចក្តីថ្លែងការរបស់អង្គការសង្គមស៊ីវិល

ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២

ការដោះលែងតំណាងអ្នកភូមិបឹងកក់ទាំង ១៣ នាក់ មានភាពសៅហ្មងដោយសារតែអំពើហិង្សាពីសំណាក់នគរបាល

សេចក្តីថ្លែងការនេះចេញដោយសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បណ្តាញយុវជន កម្ពុជា (CYN) សកម្មភាពសង្គមដើម្បីការផ្លាស់ប្តូរ (SAC) សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្តូរ (PAC) មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) សមាគមមន្ត្រីរាជការ កម្ពុជា (CICA) សមាគមធាងត្នោត (STT) ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF) មជ្ឈមណ្ឌល អប់រំច្បាប់សម្រាប់សហគមន៍ (CLEC) សមធម៌កម្ពុជា (EC) អង្គការលីកាដូ (LICADHO) និងអង្គការ លីកាដូកាណាដា (LICADHO CANADA)។

យើង ក្នុងនាមអង្គការខាងលើ សូមស្វាគមន៍ចំពោះការដោះលែងតំណាងអ្នកភូមិបឹងកក់ ទាំង ១៣ នាក់ នៅថ្ងៃនេះ ប៉ុន្តែសូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សា ដែលប្រព្រឹត្តដោយ នគរបាលទៅលើអ្នកភូមិបឹងកក់ដែលបានព្យាយាមធ្វើដំណើរទៅកាន់សាលាឧទ្ទរណ៍ ហើយយើងមានការសោកស្តាយ ពីព្រោះថា ទោសដែលបានអនុវត្តចំពោះអ្នកភូមិបឹងកក់ទាំង ១៣ នាក់ នៅតែ ត្រូវបានតម្កល់ បើទោះជា តុលាការ ជាថ្មីម្តងទៀត មិនមានលទ្ធភាពបង្ហាញភស្តុតាងដាក់បន្ទុក លើបទចោទប្រកាន់យ៉ាងណាក៏ដោយ។

នៅពេលដែលចៅក្រមកំពុងដំណើរការសវនការនៅក្នុងសាលាឧទ្ទរហ៍ នគរបាលប្រឆាំង កុបកម្មមួយក្រុមធំ ត្រូវបានពង្រាយ ដើម្បីរារាំងអ្នកភូមិបឹងកក់ និងប្រជាពលរដ្ឋដែលរស់នៅក្បែរ ទីនោះ មិនឲ្យទៅដល់សាលាឧទ្ទរណ៍។ មន្ត្រីនគរបាលបានឈានដល់ការប្រព្រឹត្តិអំពើហិង្សា នៅពេលដែលកុមារមួយក្រុម បានព្យាយាមរុលចូលកាត់របាំងឃាំងផ្លូវ។ អំឡុងពេលប្រឈមមុខ ដាក់គ្នា មន្រ្តីនគរបាលអន្តរាគមន៍ម្នាក់ បានទាត់ចំពោះរបស់ស្រ្តីម្នាក់ ដែលជាប្អូនស្រីរបស់ស្ត្រីម្នាក់ ក្នុងចំណោមស្រ្តីទាំង ១៣ នាក់។ វេជ្ជបណ្ឌិតបានបញ្ជាក់ប្រាប់ថា ស្ត្រីនោះមានផ្ទៃពោះ ហើយ ដោយសារគាត់ធ្លាក់ឈាមច្រើន គាត់បានបាត់បង់កូននៅក្នុងផ្ទៃរបស់គាត់ ។ យ៉ាងតិចណាស់ មានអ្នកភូមិបឹងកក់ ៤ នាក់ ផ្សេងទៀត និងកុមារចំនួន ៧ នាក់ ត្រូវបានវាយដោយនគរបាល ហើយត្រូវទទួលការព្យាបាលពីវេជ្ជបណ្ឌិត។

លោក យេង វីវៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានប្រសាសន៍ថា មន្រ្តីតុលាការគួរតែបើកការស៊ើបអង្កេត ឲ្យបានពេញលេញ និង ឯករាជ្យ ទៅលើហេតុការណ៍ ដ៏គួរឲ្យខ្លោចផ្សានេះ និងផ្តន្ទាទោសមន្ត្រីនគរបាលដែលបានប្រព្រឹត្តទង្វើនេះ និងមន្ត្រីនគរបាល ដែលបង្កាប់ឲ្យប្រើអំពើហិង្សានេះ។

តុលាការឧទ្ទរណ៍បានតម្តល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោស អ្នកភូមិ ១៣ នាក់ ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ និង ៦ ខែ ក៏ប៉ុន្តែបានកែប្រែ តម្រូវឲ្យជាប់ពន្ធនាគារ ជាក់ស្តែងតែ ១ ខែ និង ៣ ថ្ងៃ ហើយទោសដែលនៅសេសសល់ទាំងប៉ុន្មាន ត្រូវបានព្យួរ ដោយ ទទួលស្គាល់ថា អ្នកទាំង ១៣ នាក់នេះ បើនៅជាប់ក្នុងពន្ធនាគារ ជាបញ្ហាមួយយ៉ាងធ្ងន់ធ្ងរ ដោយសារអ្នកទាំងអស់គ្នានេះ ជាម្តាយ និងជាជីដូន ។ ហេតុដូច្នេះ ស្រ្តីទាំង ១៣ នាក់នេះអាច ប្រឈមមុខនឹងការចាប់ខ្លួនម្តងទៀត។

អំឡុងពេលសវនការនៅសាលាឧទ្ទរណ៍ ភាពមិនប្រក្រតីក្នុងដំណើរការសវនការ មិនត្រូវ បានកែតម្រូវនោះឡើយ។ ជាថ្មីម្តងទៀត មិនមានភស្តុតាងដាក់បន្ទុកត្រូវបានបង្ហាញនោះទេ។ ផ្ទុយ ទៅវិញ សាក្សីដោះបន្ទុក ៣ រូប ត្រូវបានរារាំងមិនឲ្យចូលក្នុងបន្ទប់សវនាការ ដើម្បីបំភ្លឺ បើទោះជា មានការខិតខំព្យាយាមពីសំណាក់មេធាវីរបស់ចុងចោទក៏ដោយ។ ស្ត្រីម្នាក់ៗ ក្នុងចំណោមស្រ្តីទាំង ១៣ នាក់ បានបំភ្លឺយ៉ាងលម្អិត អំពីសកម្មភាពរបស់ពួកគាត់នៅថ្ងៃកើតហេតុ និងបញ្ជាក់ពីភាព គ្មានទោសពៃរ៍របស់ពួកគាត់។ សាក្សីដោះបន្ទុកតែម្នាក់គត់ ត្រូវបានអនុញ្ញាតឲ្យចូលបំភ្លឺ ហើយ ចម្លើយរបស់សាក្សីនេះដូចគ្នានឹងចម្លើយរបស់ស្ត្រីទាំង ១៣ នាក់ នោះដែរ។ មិនមានសាក្សីរបស់ រាជរដ្ឋាភិបាលចូលរួមក្នុងសវនការសាលាឧទ្ទរណ៍នេះទេ។

លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេក ប្រធានអង្គការលីកាដូ មានប្រសាសន៍ថា បើទោះជា ការដោះលែងស្រ្តីអ្នកភូមិបឹងកក់ទាំង ១៣ នាក់ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងក៏ដោយ ការ តម្តល់ទោសរបស់សាលាឧទ្ទរហ៍ ជាការមើលស្រាលទៅលើយុត្តិធម៌។ បើទោះជាមានចម្លើយបំភ្លឺ វីដេអូ និងរូបភាព ដែលជាភស្តុតាងបង្ហាញពីភាពគ្មានទោសរបស់អ្នកភូមិបឹងកក់ទាំង ១៣ នាក់ ក៏ ដោយ ពួកអ្នកទាំងនោះនៅតែត្រូវបានគេប្រកាសជាថ្មីម្តងទៀតថា នៅតែមានទោស ដោយសារ ទោសដែលគេព្យួរនេះនៅតែមានជាប់នឹងខ្លួនរបស់ពួកគាត់។

ជាការសំខាន់ណាស់ យើងត្រូវដឹងថា ឥឡូវនេះ សហគមន៍បឹងកក់បានវិលត្រលប់ទៅ ស្ថានភាពដើមវិញហើយ ដោយសារបញ្ហាចំបងរបស់ពួកគាត់ នៅមិនទាន់ដោះស្រាយនៅឡើយ។ សមាជិកសហគមន៍ជាច្រើនគ្រួសារមិនត្រូវគេផ្តល់ឲ្យនូវប័ណ្ណកម្មសិទ្ធិដីធ្លី ហើយផ្ទៃដីទំហំ ១២.៤៤ ហិចតា ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជាដីសម្បទានទៅដល់គ្រួសារអ្នកភូមិបឹងកក់ដែលនៅ សេសសល់ផ្សេងទៀត មិនទាន់ត្រូវបានវាស់វែងឲ្យបានត្រឹមត្រូវនោះទេ។ ថ្វីបើគ្រួសាររបស់ ស្រ្តីទាំង១៣នាក់ អាចសប្បាយរីករាយពេលបានជូបជុំគ្រួសារឡើងវិញនៅថ្ងៃនេះក៏ដោយ ការពុះ ពាររបស់សហគមន៍ ដើម្បីដីធ្លី និងសិទ្ធិរបស់ពួកគាត់នៅតែបន្ត។

សាវតារ

ស្រ្តីជាអ្នកភូមិបឹងកក់ដែលត្រូវដោះលែងរួមមាន ង៉ែត ឃុន ទេព វន្នី គង់ ចន្ថា សុង ស្រីលាភ ថូ ដាវី ចាន់ ណាវី ងួន គឹមឡាង បូវ សោភា ឆេង លាភ សួង សម័យ ផាន់ ឈុនរ៉េត ហេង មុំ និង តុល ស្រីពៅ។

ស្រ្តីទាំង ១៣ នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ បន្ទាប់ពីពួកគាត់ បានចូលរួមក្នុងបាតុកម្មអហិង្សា លើរឿងជម្លោះដីធ្លីមួយ ដែលឈានទៅដល់ការជម្លៀស ប្រជាពលរដ្ឋចំនួនជាង ៣.៥០០គ្រួសារ ចេញពីដីធ្លីរបស់ពូកគាត់។

ពួកអ្នកទាំង ១៣ នាក់ នោះ ត្រូវបានកាត់ទោសនៅរយៈពេលប្រហែលជា ៤៨ ម៉ោង ក្រោយមក ក្នុងសវនាការ មួយដែលពោរពេញដោយភាពមិនប្រក្រតី។ មេធាវីរបស់ពួកគាត់បានស្នើ សុំពន្យារនីតិវិធី ប៉ុន្តែត្រូវបានបដិសេធ។ មេធាវីរបស់អ្នកទាំង១៣នាក់នោះ ក៏ត្រូវបានបដិសេធ មិនឲ្យពិនិត្យសំណុំរឿង និង ភស្តុតាងផងដែរ ហើយថែមទាំងមិនត្រូវបានអនុញ្ញាតឲ្យអញ្ជើញ សាក្សីដោះបន្ទុកថែមទៀត។

អ្នកភូមិបឹងកក់ពីរនាក់ផ្សេងទៀត គឺអ្នកស្រី លី ចាន់ណារី និងលោក សៅ សារឿន ត្រូវបានចាប់ខ្លួននៅក្រៅសវនាការ។ អ្នកទាំងពីរនាក់នេះបានមកចូលរួមសវនាការ ដើម្បីធ្វើ ជាសាក្សីដោះបន្ទុក។ អ្នកទាំងពីរនាក់នេះត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំការបើកសវនការ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២ ជាពេលដែលពួកគាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យរបស់តុលាការ។ បទចោទប្រកាន់ចំពោះពួកគាត់នៅតែបន្តនៅក្នុងតុលាការ នៅឡើយ។

ជម្លោះដីធ្លីនៅបឹងកក់កើតឡើងតាំងពីឆ្នាំ២០០៧មកម៉្លេះ ពេលដែលបឹងកក់ និងបរិវេណ ជុំវិញនោះត្រូវបានជួលទៅឲ្យក្រុមហ៊ុន ស៊ូកាគូ ។ ក្រុមហ៊ុន ស៊ូកាគូ ជាកម្មសិទ្ធិរបស់សមាជិក ព្រឹទ្ធសភាម្នាក់ មកពីគណបក្សកាន់អំណាច ។ ក្រុមហ៊ុននេះបានចាក់ខ្សាច់លុបបឹង និងបានបង្ខំ អ្នកភូមិដែលរស់នៅតំបន់នោះស្ទើរតែទាំងអស់ ឲ្យចាក់ចេញពីដីធ្លីរបស់ពួកគាត់។ សំណងបន្តិច បន្តូចត្រូវបានផ្តល់ឲ្យអ្នកភូមិមួយចំនួន ប៉ុន្តែគ្រួសារភាគច្រើនមិនទទួលបានសំណងនោះទេ។

យុទ្ធនាការបំភិតបំភ័យ និងបង្ខិតបង្ខំរបស់ក្រុមហ៊ុន បាននាំឲ្យមានការជម្លៀប្រជាជន ជាទ្រង់ទ្រាយធំបំផុតនៅកម្ពុជា ចាប់តាំងសម័យខ្មែរក្រហមមក។

ហេតុការណ៍ជុំវិញការចាប់ខ្លួនស្រ្តីទាំង ១៣ នាក់ មិនស៊ីចង្វាក់គ្នាទៅនឹងបទចោទប្រកាន់ នោះទេ។ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ជាផ្នែកមួយនៃសកម្មភាពសន្និសីទការសែត អ្នកភូមិ ប្រមាណ ១៨ គ្រួសារ នៃភូមិ ១ ក្នុងតំបន់បឹងកក់ បានមកដល់កន្លែងចាក់ខ្សាច់ ដែលផ្ទះរបស់ ពួកគាត់ត្រូវបានគេចាក់លុប។ ប្រដាប់ដោយកំណាត់ឈើពីរបីកំណាត់ គ្រួសារមួយក្នុងចំណោម គ្រួសារទាំង ១៣ គ្រួសារ បានព្យាយាមបោះបង្គោល ដើម្បីសំគាល់ទីតាំងផ្ទះរបស់ពួកគាត់ ដែលត្រូវបានគេបំផ្លិចបំផ្លាញ។ បន្តិចក្រោយមក នគរបាលបានមកដល់ទីកន្លែងនោះ ដោយ ព្យាយាមរឹបអូសកំណាត់ឈើពីពួកគាត់ ហើយក៏បានរារាំងអ្នកភូមិមួយគ្រួសារនោះ មិនឲ្យបន្ត សកម្មភាពទៀត។

ក្រោយពីសន្និសីទការសែតត្រូវបានបង្អាក់ អ្នកភូមិបឹងកក់មួយក្រុមបន្តស្ថិតនៅទីកនែ្លងនោះ និង បានច្រៀងចំរៀងជាច្រើនអំពីសិទ្ធិដីធ្លី ។ មុនពេលថ្ងៃត្រង់បន្តិច ស្រ្តីអ្នកភូមិមួយក្រុមតូចត្រូវ បានហ៊ុំព័ន្ធដោយកម្លាំងនគរបាលចំរុះ និងសន្តិសុខខណ្ឌ ដែលរុលចូលដោយហិង្សាទៅកាន់ ពួកគាត់។ ពេលដែលសមាជិកសហគមន៍រត់បែកខ្ញែកគ្នា ស្ត្រី១៣នាក់ ត្រូវបានចាប់ខ្លួនយ៉ាងហិង្សា ថ្វីត្បិត តែអ្នកខ្លះក្នុងចំណោមពួកគាត់ អត់ទាំងបានចូលរួមជាមួយក្រុមដែលបានច្រៀងចំរៀង នោះផង ។

ស្រ្តីទាំង ១៣ នាក់ ត្រូវបានចោទប្រកាន់ ហើយក្រោយមក ត្រូវបានកាត់ទោសពីបទរំលោភ លើមាត្រា ៣៤ និង ២៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ។ មាត្រា ៣៤ នៃច្បាប់ភូមិបាលចែងថា អ្នកកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុ នឹងត្រូវទទួលទោសដូច មានចែងក្នុងមាត្រា ២៥៩ ដែលផ្តន្ទាទោសដាក់ ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ ។ មាត្រា ៥០៤ នៃក្រម ព្រហ្មទណ្ឌ ចែងអំពីបទល្មើសទាក់ទងនឹងស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការ សាធារណៈ។ មាត្រានេះអនុញ្ញាតមានការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ១ ឆ្នាំ ។

ស្រ្តីទាំងនោះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ កន្លះ បើទោះជា ទោសខ្លះត្រូវបានព្យួរក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖

លោក អៀង វុទ្ធី អង្គការសមធម៌កម្ពុជា ទូរស័ព្ទ ០១២ ៧៩១ ៧០០

លោក ណើប លី ក្រុមការងារពិសេសសិទ្ធិលំនៅឋាន ទូរស័ព្ទ ០១២ ៩០៩ ៣៩៧

លោក យេង វីវៈ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទូរស័ព្ទ ០១២ ៨០១ ២៣៥

លោក អំ សំអាត អង្គការលីកាដូ ទូរស័ព្ទ ០១២ ៣២៧ ៧៧០

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s