សហគមន៍ និង​សមាគម​ដីធ្លី​៤ ស្នើ​សាលា​រាជធានី​សុំ​ធ្វើបាតុកម្ម​១​ខែ ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​១៩​នាក់​​

ដោយ៖ណាត សុភាព, VOD សំឡេងប្រជាធិបតេយ្យ,  ថ្ងៃទី១២ខែមករា ឆ្នាំ២០១៥

yaom_bopha_15_01_12-2015-01-12
អ្នក​ស្រី យ៉ោម បុប្ផា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌នៅ​មុខ​សាលារាជធានី​ភ្នំពេញ (រូបភាព៖ ណាត សុភាព)

​សហគមន៍ និង​សមាគម​ដីធ្លី​ចំនួន​៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជូនដំណឹង​ជា​ផ្លូវការ​ទៅ​សាលា​រាជធានី​ភ្នំពេញ គំរាម​ធ្វើបាតុកម្ម​រយៈពេល​១​ខែ​ពេញ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ស្វែងរក​ការដោះលែង​អ្នក​ជាប់​ពន្ធនាគារ​នៅ​ព្រៃ​សទាំង​១៩​នាក់​ ឲ្យមាន​សេរីភាព​វិញ ។​

​សហគមន៍ និង​សមាគម​នោះ​រួមមាន សហគមន៍​បូរី​កីឡា​៣​មករា សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) សមាគម​បឹងកក់ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ ។​

​តំណាង​សមាគម​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែង​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ថា មូលហេតុ​ដែល​ពួកគាត់​ជូនដំណឹង​សុំ​ធ្វើ​បាតុកម្មអហិង្សា ដោយសារ​អាជ្ញាធរ​ចាប់​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​បក្សប្រឆាំង​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ។ អ្នកស្រី​ព្រមាន​ថា បើទោះបី​សាលា​រាជធានី​មិន​អនុញ្ញាត​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​១៩​នាក់​នោះ​ឲ្យមាន​សេរីភាព​វិញ និង​គ្មាន​លក្ខខណ្ឌ ។

អ្នកស្រី  យ៉ោម បុប្ផា មាន​ប្រសាសន៍​​ថា « ​តាមពិត​យើងទាំងអស់គ្នា​អត់​ចង់​ទេ​រឿង​បាតុកម្ម​រឿង​អី ព្រោះ​កន្លងមក​យើង​ឈឺចាប់​ច្រើនណាស់ អញ្ចឹង​យើង​អត់​ចង់​ទេ បើ​មិន​ឲ្យ​ខ្ញុំ​ធ្វើ (​ហើយ​) ពួក​ខ្ញុំ​ធ្វើ សហគមន៍​ធ្វើ ទាល់តែ​ដោះស្រាយ​ឲ្យ​ពួក​យើង​អ្វី​ដែល​ពួក​យើង​ចង់បាន ។ បើសិនណា​ជា​មិន​ដោះស្រាយ​ឲ្យ​ពួកយើង ពួក​យើង​នឹង​នៅ​បន្ត​ការជួបជុំ និង​ធ្វើការ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ទោះបីជា​មាន​ការរារាំង​ហាមឃាត់​ម៉េច​ក៏ដោយ ព្រោះ​កន្លងមក យើង​សង្ឃឹម​តិច​ណាស់​ក្នុង​ការ​ដែល​ឲ្យ​យើង​ធ្វើ​» ។​​

​ទោះជា​យ៉ាង​អ្នកស្រី យ៉ោម បុប្ផា ថា នៅពេល​អ្នកស្រី​យក​លិខិត​ជូនដំណឹង ដាក់​ទៅ​សាលា​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មន្ត្រីរដ្ឋបាល​ថា​អ្នកស្រី​ខ្វះ​ឯកសារ​អត្តសញ្ញាណប័ណ្ណ ដោយ​ស្ថាប័ន​នេះ​លើក​ពេល​ជួប​អ្នកស្រី​នៅ​ម៉ោង​២​រសៀល​វិញ ។​

​អ្នកស្រី យ៉ោម បុប្ផា ឲ្យដឹង​បន្ត​ថា ការធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ខាង​មុខ​នេះ គឺ​មិន​បាន​កំណត់​ពី​ចំនួន​អ្នកចូលរួម​ធ្វើបាតុកម្ម​នោះទេ តែ​អ្នកស្រី​សង្ឃឹមថា​នឹង​មាន​អ្នកចូលរួម​ច្រើន​ដូច​ការរំពឹងទុក ។​

​តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ឲ្យដឹងថា គម្រោង​ធ្វើ​បាតុកម្ម​រាល់ថ្ងៃ​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៥​កន្លះ​ល្ងាច ចាប់ពី​ថ្ងៃ​ទី​២០ ខែ​មករា ដល់​ថ្ងៃ​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។​

​ចំណែក​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ ប្រាប់​VOD​ថា ការសម្រេច​ឲ្យធ្វើ​បាតុកម្ម​បាន ដរាបណា​មាន​ការសម្រេច​ពី​ថ្នាក់លើ​ជាមុនសិន ។​

​អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​មេធាវី​តំបន់​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក លោក ណៃ វ៉ង់​ដា យល់ថា សាលា​រាជធានី​ត្រូវ​អនុញ្ញាត​ឲ្យ​សហគមន៍ និង​សមាគម​ទាំងនោះ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ជៀសវាង​មាន​ការរិះគន់​ថា បិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​ ។ លោក​បន្ត​ថា « ​សាលា​រាជធានី​ភ្នំពេញ​ហ្នឹង​គួរតែអនុញ្ញាត​ឲ្យ​ខាង​បឹងកក់​ហ្នឹង​គេ​ ធ្វើបាតុកម្ម ទោះបីជា​ការស្នើ​សុំ​ហ្នឹង​(​មាន​)​រយៈពេល​១​ខែ​ក៏​ដោយ ដោយសារ​អី ដោយសារ​តែ​ទីលាន​ប្រជាធិបតេយ្យ​ហ្នឹង​ជា​កន្លែង​បញ្ចេញមតិ ។ ការ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​មិន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ មិន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដូច្នេះ គួរតែ​អនុញ្ញាតឲ្យ​គេ​ទៅ ហើយ​បើកាលណា​មិន​អនុញ្ញាត​ទេ បានន័យថា​យើង​មាន​ចេតនា​រាំងខ្ទប់​សំឡេង​របស់​ជនរងគ្រោះ​ហ្នឹងហើយ​»

គួរ​រំឮក​ថា អ្នក​ជាប់​ឃុំឃាំង​ទាំង​១៩​នាក់​នោះ ត្រូវបាន​ចាប់ខ្លួន​បន្ត​បន្ទាប់​ចាប់ពី​ចុង​ខែ​តុលា និង​ពាក់កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ ក្នុងនោះ​ស្ត្រី​បឹងកក់​ទាំង​១០​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ចោទ​ពី​បទ​ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍ និង​អ្នក​បឹងកក់​ម្នាក់​ទៀត​កញ្ញា លី សៀវ​ម៉ី ត្រូវបាន​ចាប់ខ្លួន​ករណី​ដីធ្លី​ដែរ  ហើយ​ព្រះសង្ឃ​បី​អង្គ​ត្រូវ​ចោទ​ពីបទ​ចូលរួម​ជាមួយ​ក្រុម​បាតុ​ កម្មទុច្ចរិត ចំណែកឯ​សកម្មជន​សង្គ្រោះ​ជាតិ​ទាំង​៥​នាក់ ត្រូវ​ចោទ​ពី​បទ​បង្ក​ហិង្សា​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s