សកម្មជន​ដី​ធ្លី​ ៣ ​នាក់​ត្រូវ​កាត់​ឲ្យ​ជាប់​គុក​ម្នាក់​ ៥ ឆ្នាំ

ប្រភព៖ postkhmer ថ្ងែទី៣០​ ខែកញ្ញា ២០១៥

5a-LandActivist

សាលា​ដំបូង​ខេត្ត​ស្វាយរៀង​បាន​​សម្រេច​​​ផ្តន្ទាទោស​សកម្មជន​ដីធ្លី​ ៣​ នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៥​ ឆ្នាំ​ក្រោម​ការ​ចោទប្រកាន់​​ពី​បទ​កាប់​​រាន​ដី​ព្រៃ​តាម​បណ្តឹង​របស់​រដ្ឋបាល​ព្រៃឈើ​ដែល​ប្តឹង​តាំងពី​ឆ្នាំ​ ២០១២​ ខណៈ​ដែល​​ប្រជាពលរដ្ឋ​នៅ​ក្នុង​ជម្លោះ​នេះ​បាន​អះអាង​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឃុប​ឃិត​គ្នា​រំលោភ​យក​ដី​របស់​ពួកគាត់​ទៅ​លក់​ឲ្យ​ឈ្មួញ​។

សកម្មជន​ដីធ្លី​ទាំង ៣​ នាក់​មាន​ឈ្មោះ សួន ហុងលី អាយុ​ ៤២ ឆ្នាំ​ សួន​ ហោ​ អាយុ​ ៣៩ ​ឆ្នាំ​ជា​សកម្មជន​ដីធ្លី​ និង​ឈ្មោះ សួន សីហា អាយុ​ ៣១ ឆ្នាំ​ជា​ប្រធាន​សហគមន៍​អណ្តូង​ត្របែក​ស្ថិត​នៅក្នុង​ឃុំ​អណ្តូង​ត្របែក​ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។

លោកស្រី សម​ សុគន្ធា​ មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកភូមិ​បាន​ឲ្យ​ដឹង​ថា​លោក ហម ម៉េងសែ ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​នៃ​សំណុំ​រឿង​ដីធ្លី​នេះ​កាលពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ប៉ុន្តែ​កូន​ក្តី​របស់​លោកស្រី​ទើប​តែ​ដឹង​ពី​ការ​សម្រេច​នេះ​កាលពី​ម្សិលមិញ​។ តុលាការ​ចោទ​កូន​ក្តី​លោកស្រី​ពី​បទ​កាប់​រាន​ដី​ព្រៃ​តាម​មាត្រា ៩៧​ នៃ​ច្បាប់​ព្រៃឈើ។​

លោកស្រី​ថា​៖ «កូន​ក្តី​ខ្ញុំ​មិន​សុខ​ចិត្ត​ទៅ​នឹង​សាលក្រម​នោះ​ទេ​ដោយ​កំពុង​រៀបចំ​ប្តឹង​ទៅ​ឧទ្ធរណ៍»។

លោក សួន សីហា ប្រធាន​សហគមន៍​ដីធ្លី​នៅ​ឃុំ​អណ្ដូង​ត្របែក​បាន​ថ្លែង​ថា​ដី​នោះ​​ជា​របស់​ប្រជាពលរដ្ឋ​ចំនួន ៨៦ គ្រួសារ​ដែល​ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ ១៩៧៩ មក។ លុះ​នៅ​ឆ្នាំ​ ២០០៨ រដ្ឋបាល​ព្រៃឈើ​បាន​ចូល​ទៅ​ដាំ​កូន​អាកាស្យា​នៅលើ​ដី​ទំហំ​ជាង ៧១ ហិកតា​ដោយ​សំអាង​ថា​ដី​នោះ​ជា​ដី​របស់​រដ្ឋ។ ក្រោយ​មក​ប្រជាពលរដ្ឋ​មាន​គម្រោង​ប្ដឹង​ទាមទារ​យក​ដី​នោះ​វិញ​បន្ទាប់ពី​ដឹង​ថា​អាជ្ញាធរ​ឃុបឃិត​គ្នា​លក់​ដី​​នោះ​ទៅ​ឲ្យ​​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​ហើយ​ទើប​រដ្ឋបាល​ព្រៃឈើ​ប្តឹង​តំណាង​ពលរដ្ឋ​ ៣​ នាក់​ដើម្បី​គំរាម​កំហែង និង​បំបាក់​ស្មារតី។

លោក​ថា​៖ «រឿង​ដីធ្លី​នេះ​មាន​ជម្លោះ​យូរ​ហើយ​ ហើយ​អ្នក​ភូមិ​ធ្លាប់​ឡើង​ទៅ​​តវ៉ា​ជា​ច្រើន​ដង​នៅ​ភ្នំពេញ​ឲ្យ​​ថ្នាក់​លើ​ជួយ​អន្តរាគមន៍​​ដោះស្រាយ​នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​អ្នក​ភូមិ​»។

លោក​ថា​៖ «​នេះ​ជា​រឿង​មួយ​ដែល​គេ​​ចង់​បំភ្លៃ​ចង់​ឲ្យ​ខ្ញុំ​ជា​សកម្មជន​ដីធ្លី​ហ្នឹង​មាន​ទោស​ហើយ​ណា​មួយ​គេ​គំរាម​កំហែង​ឲ្យ​ខ្ញុំ​បាក់​ទឹកចិត្ត​ក្នុង​ការ​តស៊ូ​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​ជាមួយ​ក្រុម​គេ​»​។

ប្រធាន​រដ្ឋបាល​ព្រៃឈើ​ស្រុក​រមាសហែក​លោក នេត គក ដែល​ជាដើម​បណ្តឹង​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។

លោក នុត បូពិណ្ណរ័ត្ន មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​ថា​ការ​កាត់​ទោស​នេះ​ហាក់បី​ដូចជា​ធ្ងន់ធ្ងរ​ណាស់​ខណៈ​ដែល​សកម្មជន​ដីធ្លី​ទាំង​នេះ​គ្រាន់តែ​ធ្វើ​ការ​តវ៉ា​ការពារ​ដីធ្លី​ដើម្បី​ធ្វើការ​ដាំដុះ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ពួកគាត់។

បើ​តាម​តំណាង​ប្រជាពលរដ្ឋ​ប្រជាសហគមន៍​អណ្តូង​ត្របែក​ចំនួន ១៣៨ គ្រួសារ​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​វិវាទ​ដីធ្លី​នេះ​តាំងពី​ឆ្នាំ ២០០៩ មក​ដោយសារ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បណ្តេញ​ពួកគាត់​ចេញ​ពី​ដី​ដែល​ពួកគាត់​ធ្លាប់​រស់នៅ និង​អាស្រ័យ​ផល​ចាប់​តាំងពី​ឆ្នាំ ១៩៧៩ មក​ដើម្បី​យក​ដី​នេះ​លក់​ឲ្យ​ឈ្មួញ។

កាលពី​សប្តាហ៍​មុន​ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​ឲ្យ​ចុះ​ទៅ​ស៊ើប​អង្កេត​ផ្ទាល់ និង​ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ធ្វើការ​បែងចែក​ដី​ទំហំ ៣៥៩ ហិកតា​នេះ​ទៅ​ឲ្យ​ពួកគាត់​រស់នៅ និង​អាស្រ័យ​ផល​ដូច​ដើម​វិ​ញ៕

សកម្មជនដីធ្លីត្រូវបានដោះលែងបន្ទាប់ពីការទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ

ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន ១០​នាក់​​ ដែលត្រូវបានឃុំខ្លួនតាំងពីខែវិច្ឆិការ ឆ្នាំ២០១៤ ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស ​កាល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ២០១៥​កន្លងទៅនេះ បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​លើ​ពាក្យ​ស្នើសុំ​ព្រះរាជទាន​លើក​លែង​ទោស​ពួក​គេ ។ មនុស្សជាង​២០០នាក់ដែលមកពីសហគមន៍ផ្សេងៗគ្នា តំណាងអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបានរង់ចាំខាងក្រៅពន្ធនាគារដើម្បីស្វាគមន៍ពួកគេ។ Continue reading “សកម្មជនដីធ្លីត្រូវបានដោះលែងបន្ទាប់ពីការទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ”

ការតវ៉ាជាលើកទី២ស្នើរសុំអន្តរាគមន៍ពីលោកស្រីមីហ្សែល អូបាម៉ាកំឡុងពេលទស្សនកិច្ចនៅកម្ពុជា

មនុស្សប្រហែលជាង១០០នាក់ ដែលជាជនរងគ្រោះពីការរំលោភយកដីធ្លី និងការ​បណ្ដេញចេញដោយបង្ខំ មកពីសហគមន៍មួយចំនួនដូចជាសហគមន៍បឹងកក់​ បុរីកីឡា ព្រលានយន្តហោះ អេសអូអេស ថ្មគោល​ ទួលសង្កែអា ទួលសង្កែបេ (រួមទាំងព្រះសង្ឃពីរអង្គ និងកុមារប្រមាណជាង២០នាក់ផងដែរនោះ) បានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១​ ខែមីនា ឆ្នាំ២០១៥​ កន្លងទៅនេះ។​ ពួកគេបានស្នើរសុំអន្តរាគមន៍ពីស្រ្តីទីមួយរបស់សហរដ្ឋអាមេរិក អ្នកស្រី មីហ្សែល អូបាម៉ា ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងស្រ្តីសកម្មជនដីធ្លីទាំង១១នាក់ដែលត្រូវបានដាក់ពន្ធនាគារដោយភាពអយុត្តិធម៌បំផុត។​ Continue reading “ការតវ៉ាជាលើកទី២ស្នើរសុំអន្តរាគមន៍ពីលោកស្រីមីហ្សែល អូបាម៉ាកំឡុងពេលទស្សនកិច្ចនៅកម្ពុជា”

សហគមន៍ និង​សមាគម​ដីធ្លី​៤ ស្នើ​សាលា​រាជធានី​សុំ​ធ្វើបាតុកម្ម​១​ខែ ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​១៩​នាក់​​

ដោយ៖ណាត សុភាព, VOD សំឡេងប្រជាធិបតេយ្យ,  ថ្ងៃទី១២ខែមករា ឆ្នាំ២០១៥

yaom_bopha_15_01_12-2015-01-12
អ្នក​ស្រី យ៉ោម បុប្ផា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌នៅ​មុខ​សាលារាជធានី​ភ្នំពេញ (រូបភាព៖ ណាត សុភាព)

​សហគមន៍ និង​សមាគម​ដីធ្លី​ចំនួន​៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជូនដំណឹង​ជា​ផ្លូវការ​ទៅ​សាលា​រាជធានី​ភ្នំពេញ គំរាម​ធ្វើបាតុកម្ម​រយៈពេល​១​ខែ​ពេញ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ស្វែងរក​ការដោះលែង​អ្នក​ជាប់​ពន្ធនាគារ​នៅ​ព្រៃ​សទាំង​១៩​នាក់​ ឲ្យមាន​សេរីភាព​វិញ ។​

​សហគមន៍ និង​សមាគម​នោះ​រួមមាន សហគមន៍​បូរី​កីឡា​៣​មករា សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) សមាគម​បឹងកក់ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ ។​

​តំណាង​សមាគម​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែង​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ថា មូលហេតុ​ដែល​ពួកគាត់​ជូនដំណឹង​សុំ​ធ្វើ​បាតុកម្មអហិង្សា ដោយសារ​អាជ្ញាធរ​ចាប់​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​បក្សប្រឆាំង​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ។ អ្នកស្រី​ព្រមាន​ថា បើទោះបី​សាលា​រាជធានី​មិន​អនុញ្ញាត​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​១៩​នាក់​នោះ​ឲ្យមាន​សេរីភាព​វិញ និង​គ្មាន​លក្ខខណ្ឌ ។

អ្នកស្រី  យ៉ោម បុប្ផា មាន​ប្រសាសន៍​​ថា « ​តាមពិត​យើងទាំងអស់គ្នា​អត់​ចង់​ទេ​រឿង​បាតុកម្ម​រឿង​អី ព្រោះ​កន្លងមក​យើង​ឈឺចាប់​ច្រើនណាស់ អញ្ចឹង​យើង​អត់​ចង់​ទេ បើ​មិន​ឲ្យ​ខ្ញុំ​ធ្វើ (​ហើយ​) ពួក​ខ្ញុំ​ធ្វើ សហគមន៍​ធ្វើ ទាល់តែ​ដោះស្រាយ​ឲ្យ​ពួក​យើង​អ្វី​ដែល​ពួក​យើង​ចង់បាន ។ បើសិនណា​ជា​មិន​ដោះស្រាយ​ឲ្យ​ពួកយើង ពួក​យើង​នឹង​នៅ​បន្ត​ការជួបជុំ និង​ធ្វើការ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ទោះបីជា​មាន​ការរារាំង​ហាមឃាត់​ម៉េច​ក៏ដោយ ព្រោះ​កន្លងមក យើង​សង្ឃឹម​តិច​ណាស់​ក្នុង​ការ​ដែល​ឲ្យ​យើង​ធ្វើ​» ។​​

​ទោះជា​យ៉ាង​អ្នកស្រី យ៉ោម បុប្ផា ថា នៅពេល​អ្នកស្រី​យក​លិខិត​ជូនដំណឹង ដាក់​ទៅ​សាលា​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មន្ត្រីរដ្ឋបាល​ថា​អ្នកស្រី​ខ្វះ​ឯកសារ​អត្តសញ្ញាណប័ណ្ណ ដោយ​ស្ថាប័ន​នេះ​លើក​ពេល​ជួប​អ្នកស្រី​នៅ​ម៉ោង​២​រសៀល​វិញ ។​

​អ្នកស្រី យ៉ោម បុប្ផា ឲ្យដឹង​បន្ត​ថា ការធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ខាង​មុខ​នេះ គឺ​មិន​បាន​កំណត់​ពី​ចំនួន​អ្នកចូលរួម​ធ្វើបាតុកម្ម​នោះទេ តែ​អ្នកស្រី​សង្ឃឹមថា​នឹង​មាន​អ្នកចូលរួម​ច្រើន​ដូច​ការរំពឹងទុក ។​

​តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ឲ្យដឹងថា គម្រោង​ធ្វើ​បាតុកម្ម​រាល់ថ្ងៃ​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៥​កន្លះ​ល្ងាច ចាប់ពី​ថ្ងៃ​ទី​២០ ខែ​មករា ដល់​ថ្ងៃ​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។​

​ចំណែក​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ ប្រាប់​VOD​ថា ការសម្រេច​ឲ្យធ្វើ​បាតុកម្ម​បាន ដរាបណា​មាន​ការសម្រេច​ពី​ថ្នាក់លើ​ជាមុនសិន ។​

​អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​មេធាវី​តំបន់​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក លោក ណៃ វ៉ង់​ដា យល់ថា សាលា​រាជធានី​ត្រូវ​អនុញ្ញាត​ឲ្យ​សហគមន៍ និង​សមាគម​ទាំងនោះ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ជៀសវាង​មាន​ការរិះគន់​ថា បិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​ ។ លោក​បន្ត​ថា « ​សាលា​រាជធានី​ភ្នំពេញ​ហ្នឹង​គួរតែអនុញ្ញាត​ឲ្យ​ខាង​បឹងកក់​ហ្នឹង​គេ​ ធ្វើបាតុកម្ម ទោះបីជា​ការស្នើ​សុំ​ហ្នឹង​(​មាន​)​រយៈពេល​១​ខែ​ក៏​ដោយ ដោយសារ​អី ដោយសារ​តែ​ទីលាន​ប្រជាធិបតេយ្យ​ហ្នឹង​ជា​កន្លែង​បញ្ចេញមតិ ។ ការ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​មិន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ មិន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដូច្នេះ គួរតែ​អនុញ្ញាតឲ្យ​គេ​ទៅ ហើយ​បើកាលណា​មិន​អនុញ្ញាត​ទេ បានន័យថា​យើង​មាន​ចេតនា​រាំងខ្ទប់​សំឡេង​របស់​ជនរងគ្រោះ​ហ្នឹងហើយ​»

គួរ​រំឮក​ថា អ្នក​ជាប់​ឃុំឃាំង​ទាំង​១៩​នាក់​នោះ ត្រូវបាន​ចាប់ខ្លួន​បន្ត​បន្ទាប់​ចាប់ពី​ចុង​ខែ​តុលា និង​ពាក់កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ ក្នុងនោះ​ស្ត្រី​បឹងកក់​ទាំង​១០​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ចោទ​ពី​បទ​ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍ និង​អ្នក​បឹងកក់​ម្នាក់​ទៀត​កញ្ញា លី សៀវ​ម៉ី ត្រូវបាន​ចាប់ខ្លួន​ករណី​ដីធ្លី​ដែរ  ហើយ​ព្រះសង្ឃ​បី​អង្គ​ត្រូវ​ចោទ​ពីបទ​ចូលរួម​ជាមួយ​ក្រុម​បាតុ​ កម្មទុច្ចរិត ចំណែកឯ​សកម្មជន​សង្គ្រោះ​ជាតិ​ទាំង​៥​នាក់ ត្រូវ​ចោទ​ពី​បទ​បង្ក​ហិង្សា​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ ៕

អ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរសាជាថ្មី

នៅព្រឹកថ្ងៃអាទិត្យទី ២៨ ខែធ្នូឆ្នាំ២០១៤ មានអ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរបស់មជ្ឈមណ្ឌលអប់រំកែប្រែទី ២ (ម ២) ដើម្បីគាំទ្រដល់សកម្មជនសិទ្ធិដីធ្លីចំនួន១៨ ដែលត្រូវបានជាប់ឃុំបច្ចុប្បន្ន។ Continue reading “អ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរសាជាថ្មី”

សាលាឧទ្ធរណ៍កំណត់បើកសវនាការនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៥ខាងមុខ

នៅព្រឹកទី២៤ ខែធ្នូ មានប្រជាពលរដ្ឋប្រមាណ១០០នាក់ រួមទាំងសមាជិកគ្រួសាររបស់សកម្មជនឃុំខ្លួននិងសមាជិកសហគមន៍បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ ក្នុងគោលបំណងដើម្បីដាក់ញត្តិអំពាវនាវឱ្យសាលាឧទ្ធរណ៍ពន្លឿនការកាត់ក្តីសកម្មជនដែលបច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសម ១ និងម ២។ ញត្តិនេះក៏រួមបញ្ចូលទាំងស្ត្រីទាំង ៨ ដែលបានធ្វើកូដកម្មអត់អាហារ ១៤ ថ្ងៃចាប់តាំងពីទី ១០ ខែធ្នូ។ Continue reading “សាលាឧទ្ធរណ៍កំណត់បើកសវនាការនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៥ខាងមុខ”

ព្រះសង្ឃ​ផ្កាប់​បាត្រ​តជាលើកដំបូងនៅមុខក្រសួងយុត្តិធម៌

សមាជិករាប់រយនាក់នៃសហគមន៍ សកម្មជន និងព្រះសង្ឃបានប្រមូលផ្តុំគ្នាដើម្បីដាក់ញត្តិទាមទារដោះលែង១៨នាក់ នៅព្រឹកថ្ងៃពុធទី១៨ ខែធ្នូ ព្រះសង្ឃ និងសមាជិកសហគមន៍ប្រមាណជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅកន្លែងផ្សេងគ្នានៅកណ្តាលរាជធានីភ្នំពេញដើម្បីផ្តល់ញត្តិទៅស្ថាប័នរដ្ឋាភិបាល។ Continue reading “ព្រះសង្ឃ​ផ្កាប់​បាត្រ​តជាលើកដំបូងនៅមុខក្រសួងយុត្តិធម៌”