សាលា​រាជធានី​​ការពារ​គម្រោង​អភិវឌ្ឍន៍​​ដោយ​​ចោទ​​ថា​បឹង​កក់​ជា​ជម្រក​ឧក្រិដ្ឋ​ជន ​និង​អសន្តិ​សុខ

កាន់ វិច្ឆិកា និង អ៊ឹង ប៊ុនថន ថ្ងៃទី ២១ មិថុនា ២០១២

សាលា​រាជធានី​បាន​ការពារ​ការអភិវឌ្ឍ​បឹងកក់ ដែល​នាំ​ឲ្យ​មានការ​បណ្តេញ​ពលរដ្ឋ​ចេញ​នោះ ដោយ​ហៅ​តំបន់​នោះ​ថា ជា​ជម្រក​ឧក្រិដ្ឋកម្ម អសន្តិសុខ ភេរវកម្ម គ្រឿងញៀន ពេស្យាចារ។

នៅក្នុង​អត្ថបទ​ដែល​ចេញផ្សាយ​លើ​គេហទំព័រ​របស់​សាលា​រាជធានី នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ស្តីពី​ដំណើរការ​អភិវឌ្ឍ​ន៍ទី​តាំង​បឹងកក់ សាលា​រាជធានី​ភ្នំពេញ អះអាងថា បឹងកក់​ជាទី​តាំង​ដែលមាន​ការជួល​ស្នាក់នៅ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ប្រភេទ ធ្វើ​ឲ្យ​ប្រែក្លាយ​តំបន់​នោះ​ទៅជា​អសន្តិសុខ ជា​ជម្រក​នៃ​ឧក្រិដ្ឋជន ក្រុម​បងតូច​បងធំ ហើយ​ធ្វើ​ឲ្យ​បាត់បង់​ប្រពៃណី​ទំនៀម​ទំលាប់ ដោយមាន​គ្រឿងញៀន ពេស្យាចារ ចោរកម្ម និង​ជា​តំបន់​មានកេរ្តិ៍ឈ្មោះ​មិនល្អ ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង។

ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​តំណាង​ភូមិ១ លោក ចាន់ ពុទ្ធិ​ស័​ក្ត ប្រាប់ VOD ថា​ការលើកឡើង​នោះ ជាការ​បង្ហាញ​ពី​អសមត្ថភាព​របស់​សាលា​រាជធានី ដោយសារតែ​មិនមាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៖ ជាការ​លើកឡើង​អំពី​អសមត្ថភាព​របស់គាត់​ទេ ដោយ​ថា​គាត់​មិនមាន​លទ្ធភាព រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ព្យាយាម​យក​ប្រជាពលរដ្ឋ​ជាស​ត្រូវ ចោទ​ប្រជាជន​ពីនេះ ពី​នោះ។

យ៉ាងណាក៏ដោយ សាលា​រាជធានី​ភ្នំពេញ បន្ត​ចោទថា អង្គការក្រៅរដ្ឋាភិបាល ជនបរទេស និង​ជន​ជ្រុលនិយម​មួយ​ក្តាប់​តូច​ដែល​និយម​គាំទ្រ​សិទ្ធិមនុស្ស​ថា​មាន​ទម្លាប់​ចោទប្រកាន់​រដ្ឋាភិបាល និង​សាលា​រាជធានី ពីបទ​រំលោភ​សិទ្ធិមនុស្ស ដោយ​មិនបាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​ស៊ើបអង្កេត​ស្វែងរក​ការពិត។

បទ​វិចារណកថា​ដដែល​នេះ បន្តថា មាន​ក្រុមមនុស្ស​មួយ​ក្តាប់​តូច​នោះ បាន​ដឹកនាំ​អ្នក​បឹងកក់​ដែល​នៅក្នុង​ពន្ធនាគារ​ទាំង ១៣នាក់ ឲ្យ​ដើរ​ផ្លូវខុស​អស់​រយៈពេល​ជា​យូរ​មកហើយ ដោយ​ពួកគេ​បាន​បន្ត​ប្រឆាំងនឹង​រដ្ឋាភិបាល និង​សាលា​រាជធានី។

ក៏ប៉ុន្តែ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ សុ​វេត មានប្រសាសន៍ថា ចំពោះ​ការចោទប្រកាន់​នេះ​លោក​មិនអាច​ទទួលយក​បានទេ ព្រោះថា​ការ​រាល់​ការឃ្លាំមើល​និង​ជ្រោមជ្រែង​ពេលដែល​ប្រជាពលរដ្ឋ​ចេញមុខ​តវ៉ា គឺ​ដោយសារតែ​ជាការ​ការពារ​សិទ្ធិមនុស្ស គាំទ្រ​ឲ្យ​មានការ​អនុវត្ត​ផ្លូវច្បាប់ លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​សិទ្ធិសេរីភាព និង​ផ្តល់នូវ​លទ្ធភាព​មួយចំនួន ក្នុង​លក្ខខណ្ឌ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​សិទ្ធិមនុស្ស​ក្នុង​ប្រ​ទស ៖”រង​ការចាត់ទុក​សង្គម​ស៊ីវិល ថា​ជា​អ្នក​ញុះញង់ ឬក៏​អ្នក​នៅ​ពី​ក្រោយខ្នង​ប្រជាពលរដ្ឋ​អ្នកភូមិ​បឹងកក់ ខ្ញុំ​មិនទាន់​អាច​ទទួលយក​បានទេ ដោយសារ​កន្លងផុត​ម​ក សង្គម​ស៊ីវិល​មិនមែនជា​អ្នក​ញុះញង់​ទេ សង្គម​ស៊ី​ល​ផ្តល់នូវ​លទ្ធភាព ក្នុង​លក្ខខណ្ឌ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស។

មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មូលហេតុ​នោះ​គ្រាន់តែ​ជា​លេស​មួយ​របស់​សាលា​រាជធានី ដើម្បី​ផ្តល់​តំបន់​បឹងកក់​ធ្វើការ​អភិវឌ្ឍ​ប៉ុណ្ណោះ។ លោក​បន្តថា ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណគ្រួសារ លិខិតស្នាម​ត្រឹមត្រូវ​នោះ​រដ្ឋ​ត្រូវតែ​ចេញ​ជា​សំណង​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ជូន​ពួកគាត់ ៖” ជា​លេស​មួយ​របស់​សាលា​រាជធានី​ភ្នំពេញ ទោះបីជា​ប្រជាពលរដ្ឋ​គាត់​ទៅ​រស់នៅ​លើដី​សាធារណៈ របស់​រដ្ឋ​ក៏ដោយ ក៏មាន​លិខិតស្នាម​ទទួលស្គាល់​ត្រឹមត្រូវ អញ្ចឹង​ពេលដែល​មានការ​អភិវឌ្ឍ ត្រូវតែមាន​ការដោះស្រាយ ដែល​ប្រកបដោយ​តម្លាភាព និង​តម្លាភាព សំរាប់​ប្រជាពលរដ្ឋ។

គួរ​បញ្ជាក់ថា តំបន់​បឹងកក់ ត្រូវបាន​ចាក់​បំពេញ​ដោយ​ខ្សាច់​ចាប់តាំងពី​ឆ្នាំ២០០៧ ក្រោមរូបភាព​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន រយៈពេល៩៩ឆ្នាំ ក្នុង​ទឹកប្រាក់​ប្រមាណ ៧០លាន​ដុល្លារ។ ការអភិវឌ្ឍ​ដី​ជាង១០០ហិកតា​នេះ បាន​ប៉ះពាល់​ប្រជាជន​ប្រហែល ៤០០០គ្រួសារ ដែល​ត្រូវ​បណ្តេញចេញ ជា​ថ្នូរ​នឹង​សំណង​ដែល​ពលរដ្ឋ អះអាងថា មិន​សមរម្យ​តាម​តម្លៃ​ទីផ្សារ។ ដោយសារ​ការមិន​ព្រម​ទទួល​គោលការណ៍​នេះ បានធ្វើ​ឲ្យ​ស្ត្រី​អ្នក​បឹងកក់​ចំនួន១៣នាក់ ត្រូវ​តុលា​ការចាប់​ដាក់ពន្ធនាគា​រ៕

 

 

អ្នក​បឹងកក់​ថា អាជ្ញាធរ​ក្រុង​ធ្វើ​ឲ្យ​ជម្លោះ​កើន​កម្តៅ

ភ្នំពេញប៉ុស្តិ៍ ព្រហស្បតិ៍ ទី២១ ឧសភា ២០១២ ឃុត សុភចរិយា

ភ្នំពេញៈ ពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ ដែល​រួមទាំង​គ្រួសារ នៃ​ក្រុម​ស្ត្រី​ជាប់ឃុំ​ទាំង ១៣ នាក់ បាន​បន្ទោស​ការបន្ត​អូសបន្លាយ​នៃ​ជម្លោះដីធ្លី​ដែល​កាន់តែ​ឡើង កម្តៅ នៅក្នុង​សហគមន៍​នេះ ទៅលើ​អាជ្ញាធរ​ពាក់ព័ន្ធ​រាជធានី ដែល​មិនបាន​បែងចែក​ដី​ទំហំ ១២,៤៤ ហិកតា ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានផ្ដល់​ជា​ប្រទានកម្ម​ជូន​ពួកគាត់​នោះ ដោយ​តម្លាភាព។

បើតាម​អ្នកភូមិ ដី​ទំហំ​ជាង ១២ ហិកតា​នេះ អាច​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ទាំង ៧០០ គ្រួសារ បានគ្រប់ៗគ្នា ហើយ​នៅសល់​ដី​ថែម​ទៀតផង​ប៉ុន្តែ​អាជ្ញាធរ​រាជធានី បែរជា​កាត់​ពលរដ្ឋ​ជិត ១០០គ្រួសារ​ចេញពី​គម្រោង​ទទួលបាន​ដី​ទៅវិញ ទើប​ការតវ៉ា​ចេះតែ​បន្ត។

លោក​ចាន់ រិ​ទ្ធិ​ស័ក្ដិ ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ម្នាក់ ដែល​នៅ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​ពីសា​លា​រាជធានី បាន​និយាយថា អំពើពុករលួយ និង​ការមិន​ទទួលខុសត្រូវ​របស់​អា​ជ្ញា​ធរ​ភូមិ សង្កាត់ ខណ្ឌ រួមទាំង អាជ្ញាធរ​រាជធានី បានធ្វើ​ឲ្យ​ពួកគាត់ ដែលជា​ពលរដ្ឋ​មាន​លំនៅដ្ឋាន​ពិតប្រាកដ ក្នុង​សហគមន៍​បឹងកក់ ទទួលរង​នូវ​ការរំលោភបំពាន គ្រប់បែបយ៉ាង រួមទាំង​សិទ្ធិ​ក្នុងការ​និយាយស្ដី​ផងដែរ។ លោក​បន្តថា៖«ពលរដ្ឋ​របស់​យើង ត្រូវបាន​គេ​ចាប់​ដាក់គុក ដោយ​ចោទប្រកាន់ថា ប្រឆាំង​បទបញ្ជា​មន្ត្រី​សាធារណៈ នៅពេលដែល​ពួកយើង​តវ៉ា ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ ចំពោះ​ការរំលោភបំពាន​ផ្ទះ​របស់​យើង»។

ពលរដ្ឋ​ក្នុង​តំបន់​បឹងកក់​ម្នាក់ទៀត អ្នកស្រី បូ ឆវី បាន​និយាយថា ការពិត ទំនាស់​ដីធ្លី នៅក្នុង​តំបន់​បឹងកក់ ត្រូវបាន​បញ្ចប់ ចាប់តាំងពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ដី ១២,៤៤ ហិកតា ក្នុង​តំបន់​នេះ សម្រាប់​ផ្ដល់​ជា​ប្រទានកម្ម ជូន​ដល់​ពលរដ្ឋ ដែល​នៅ​សេសសល់ និង​បាន​ស្នើសុំ​អភិវឌ្ឍន៍​នៅនឹងកន្លែង​ចំនួន​ជិត ៧០០ គ្រួសារ កាលពីដើម​ខែសីហា ឆ្នាំ២០១១ មក បើសិនជា​អាជ្ញាធរ​រាជធានី ធ្វើការ​ដោះស្រាយ​និង​បែងចែក​ដី​នោះ ជូន​ពលរដ្ឋ​ដោយ​តម្លាភាព​នោះ។

អ្នកស្រី​បន្តថា អនុក្រឹត្យ​លេខ ១៨៣ បានបញ្ជាក់​ច្បាស់​ណាស់​ថា ដី ១២,៤៤ ហិកតា សម្រាប់​ផ្ដល់ជូន​ពួកគាត់ ហើយ​ជាង ១១០ ហិកតា​ផ្សេងទៀត ផ្ដល់ជូន​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន សម្រាប់​អភិវឌ្ឍន៍​តាម​គម្រោងរ​បស់​រាជរដ្ឋាភិបាល។ ប៉ុន្តែ​មិនទាន់បាន​បោះបង្គោល​កំណត់​ព្រំប្រទល់​ដី​ទាំងពីរ ឲ្យ​បានច្បាស់លាស់​ផង អាជ្ញាធរ​រាជធានី បាន​កាត់​ពលរដ្ឋ​ជិត ១០០ គ្រួសារ ចេញពី​គម្រោង​ទទួលបាន​ចំណែក​ដី១២,៤៤ ហិកតា ដោយ​អះអាងថា ផ្ទះ​របស់​ពួកគាត់ ស្ថិតនៅ​លើដី​ក្រុមហ៊ុន​ទៅវិញ។ អ្នកស្រី​ថ្លែងថា៖«នេះ​ជា​មូលហេតុ ដែល​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​យើងខ្ញុំ ធ្វើការ​តវ៉ា ដើម្បី​ទាមទារ​ដំណោះស្រាយ ប្រកបដោយ​តម្លាភាព ពី​សាលា​រាជធានី»។

ទោះជា​បែបណា អ្នកស្រី​បាន​ទទួលស្គាល់ថា ពលរដ្ឋ​ភាគច្រើន បានទទួល​ប័ណ្ណ​សំគាល់​អចលនៈវត្ថុ​ពី​អាជ្ញាធរ​រាជធានី​ហើយ រួមទាំង​រូបគាត់​ផងដែរ។ ប៉ុន្តែ​គាត់​និង​អ្នកភូមិ​មួយចំនួនទៀត នៅតែ​ចូលរួម​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​រាជធានី ដាក់បញ្ចូល​ពលរដ្ឋរ​ង​គ្រោះ​ជាច្រើន​គ្រួសារ ដែល​ត្រូវបាន​កាត់​ចេញពី​គម្រោង​ទទួលបាន​ចំណែក​ដី​នេះ​មកវិញ។

អ្នកស្រី​ថ្លែងថា៖«យើង​មិនអាច​នៅ​ស្ងៀម ទ្រាំ​មើល​នូវ​ភាពអយុត្តិធម៌​នេះ​បានទេ យើង​ត្រូវតែ​ចេះ​ជួយ​គាំទ្រ​និង​ការពារ​គ្នា​ទៅវិញទៅមក ពីព្រោះ​យើង​ជា​ពលរដ្ឋ​ក្នុង​សហគមន៍​តែមួយ»។

អ្នកស្រី​ក៏បាន​បដិសេធ​ផងដែរ​ថា រាល់​ការតវ៉ា​របស់​ពួកគាត់ មិនមែន​ធ្វើឡើង ក្រោម​ការ​ញុះញង់​ពី អង្គការក្រៅរដ្ឋាភិបាល ឬ​ក្រុម​ជនបរទេស​ណាមួយ​ឡើយ គឺ​ពួកគាត់​ធ្វើឡើង​តាម​ឆន្ទៈ​ផ្ទាល់​របស់ខ្លួន។ អ្នកស្រី​ថ្លែងថា៖«ដី​និង​ផ្ទះ​របស់​យើង មិនមែនជា​របស់​អង្គការក្រៅរដ្ឋាភិបាល ឬ​ជនបរទេស​ណា​នោះទេ ដូច្នេះ​គ្មាន​អ្នកណា​មក​ញុះញង់​យើង​ឲ្យ​តវ៉ា​នោះទេ គឺ​យើង​តវ៉ា ដើម្បី​ការពារ​ដី និង​ផ្ទះ​របស់​យើង​ដោយ​ខ្លួនឯង»។

ការលើកឡើង​របស់​អ្នកភូមិ​បឹងកក់​បែបនេះ បានធ្វើ​ឡើង បន្ទាប់ពី​សាលា​រាជធានី បានចេញ​ផ្សាយ​អត្ថបទ​មួយ ដែលមាន​ចំណងជើង​ថា៖«តើ​អង្គការក្រៅរដ្ឋាភិបាល ពួក​ជនបរទេស និង​ជន​ជ្រុលនិយម គាំទ្រ «សិទ្ធិមនុស្ស» និង «ជើងឯក​ខាង​ប្រជាធិបតេយ្យ ដែល​ប៉ិន​ខាង​ឡូឡា នឹង​ទុក​ឲ្យ​ស្ត្រី​ទាំងនោះ​ឯកោ​ឬ?»។

អត្ថបទ​នោះ បាន​ចោទប្រកាន់​អ្នកភូមិ​បឹងកក់ ដែល​បានធ្វើ​ការតវ៉ា​ការពារ​សិទ្ធិ​លំនៅដ្ឋាន​របស់ខ្លួន​ថា ស្ថិតក្រោម​ស្លាប​នៃ​អង្គការក្រៅរដ្ឋាភិបាល និង​ជនបរទេស​មួយចំនួន។

លោក កើត ឆែ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​បានទេ​កាលពី​ម្សិលមិញ៕

 

 

ជីវប្រវត្តិសង្ខេបអ្នកភូមិបឹងកក់ទាំង១៥

សូមចុចទីនេះដើម្បីឃើញជីវប្រវត្តិអ្នកបឹងកក់ទាំង១៥នាក់ឬ ចុចលើទំព័រប្រវត្តិអ្នកបឹងកក់

កុមារ​បឹងកក់ ប្រមូលផ្តុំ សុំឲ្យ​តុលាការ​សាលាឧទ្ធរណ៍ ដោះលែង​ម្តាយ​ពួកគេ​


សុខ ភក្តី CE
N ថ្ងៃទី ២០ មិថុនា ២០១

ពលរដ្ឋ និងក្រុមកុមារបឹងកក់ បានប្រមូលផ្តុំជាថ្មី លើកបដា និងស្រែកសុំឲ្យតុលាការសាលាឧទ្ធរណ៍ ដោះលែងម្តាយរបស់ពួកគេទាំង ១៣ នាក់ ឲ្យមានសេរីភាពឡើងវិញ (រូបថត: ស៊ីវ ចាន់ណា)

ភ្នំពេញ: ក្រុមកុមារបឹងកក់ បានប្រមូលផ្តុំជាថ្មី លើកបដា និងស្រែកសុំឲ្យតុលាការសាលាឧទ្ធរណ៍ នៅជិតព្រះបរមរាជវាំង ដោះលែងម្តាយរបស់ពួកគេទាំង ១៣ នាក់ ឲ្យមានសេរីភាពឡើងវិញ។ តុលាការសាលាឧទ្ធរណ៍ គ្រោងនឹងលើកយកសំណុំរឿងស្ត្រីបឹងកក់ទាំង ១៣ នាក់ មកបើកសវនាការនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។ការប្រមូលផ្តុំរបស់កុមារបឹងកក់ បានធ្វើឡើងចាប់តាំងពីម៉ោង ៩ ព្រឹក ថ្ងៃទី២០មិថុនា ឆ្នាំ២០១២។ កុមារតូចៗទាំងនោះ បានលើកបដា និងស្រែកសុំអន្តរាគមន៍នៅមុខតុលាការសាលាឧទ្ធរណ៍។
កុមារ និងអ្នកភូមិបឹងកក់ ក៏បានអុជធូប ដាក់ផ្កាឈូក និងព្រលែងចាប ដោយបួងសួង សុំឲ្យតុលាការសាលាឧទ្ធរណ៍ បើកសវនាការ កាត់ក្តីដោយយុត្តិធម៌ នាថ្ងៃទី២៧មិថុនាខាងមុខ។

ការជួបជុំនោះ មិនមានការរារាំងពីសមត្ថកិច្ចប៉ូលិសឡើយ។

ស្ត្រីអ្នកភូមិបឹងកក់ ១៣ នាក់ ដែលសកម្មក្នុងការតវ៉ាបញ្ហាដីធ្លីនៅបឹងកក់ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី២២ ឧសភា ឆ្នាំ២០១២ ហើយនៅថ្ងៃទី២៤ឧសភា ឆ្នាំ២០១២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសស្ត្រីទាំងនោះ ដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ៦ ខែ ក្នុងរឿងជម្លោះដីនៅបឹងកក់៕

ព្រោះ​តែ​ស្វែងរក​ការ​ដោះលែង​ម្តាយ​កុមារី​ម្នាក់​នៅ​បឹងកក់​បាន​ធ្លាក់​ខ្លួន​ឈឺ

ឃុត សុភចរិយា ភ្នំពេញប៉ុសិ៍ ថ្ងៃទី ១៩ មិថុនា ២០១២

កុមារី ប៉ោ សុ​គុណ្ណ​កញ្ញា បាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​នាង​ចូល​រួមការ​ដង្ហែ​ញត្តិ ក្នុង​បំណង​ស្វែងរក​ការអន្តរាគមន៍​ឲ្យ​ដោះលែង​ម្តាយ។ រូបថត ម៉េង គីម​ឡុង

ភ្នំពេញៈ កូនស្រី​របស់​ស្ត្រីជន​ជាប់ចោទ​ម្នាក់​ក្នុងចំណោម១៣នាក់ ក្នុង​សហគមន៍​បឹងកក់ បាន​ធ្លាក់ខ្លួន​ឈឺ​បី​ថ្ងៃ​ហើយ បន្ទាប់ពី​នាង​ចូល​រួមការ​ដង្ហែ​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​នានា រួមទាំង​ស្ថានទូត និង​ព្រះមហាក្សត្រ​ផង ដើម្បី​សុំ​ឲ្យ​ជួយ​ដោះលែង​ម្ដាយ​និង​អ្នកភូមិ​ជាង១០នាក់ ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​ពេល​ជាច្រើន​ថ្ងៃ​មក​នោះ។

កុមារី ប៉ោ សុ​គុណ្ណ​កញ្ញា អាយុ ១១ឆ្នាំ ដែលជា​កូន​របស់​អ្នកស្រី តុល ស្រី​ពៅ ត្រូវគេ​រាយការណ៍​ថា កំពុងមាន«ជំងឺ​រលាក​បំពង់ក» ក្រោយពី​នាង​បាន​ដង្ហោយ​យំ​ស្ទើរ រាល់ថ្ងៃ​សុំ​ឲ្យ​ស្ថាប័ន​នានា រួមទាំង​ស្ថានទូត និង​ព្រះមហាក្សត្រ​ផង ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ម្ដាយ​និង​អ្នកភូមិ​របស់​នាង។

ឪពុក​នាង លោក ប៉ោ គុណ​តារា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «ពីដំបូង​នាង​គ្រុនក្ដៅ​មមើមមាយ​រក​ម៉ា​ក់វា ខ្ញុំ​ក៏​មិន​ចាប់អារម្មណ៍​ដែរ ដោយ​គិតថា កូន​វា​នឹក​ម្ដាយ។ ប៉ុន្តែ​ពីរ​ថ្ងៃ​ក្រោយមក​នាង​ត្អូញ ឈឺបំពង់ក​ហើយ​ក្ដៅខ្លួន​កាន់តែខ្លាំង ខ្ញុំ​ក៏​ប្រញាប់​នាំ​នាង​ទៅ​គ្លីនិក​ឯកជន ព្យាបាល…គ្រូពេទ្យ​ប្រាប់ថា នាង​រលាក​បំពង់ក»។

លោក​បន្តថា ចាប់ពី​អាជ្ញាធរ​ចាប់ខ្លួន​ប្រពន្ធ​គាត់ ហើយ​តុលាការ​កាត់​ឲ្យ​ជាប់ឃុំ​ពីរ​ឆ្នាំកន្លះ​មក កូនស្រី​គាត់​មានទឹក​មុខស្រងូត​ស្រងាត់​ណាស់ ហើយ​គិតតែ​ពី​យំ​ឲ្យ​គាត់​ជូន​នាង​និង​ប្អូន​ពីរ​នាក់​ទៀត​ទៅ​ជួប​ម្ដាយ​នៅ ឯ​ពន្ធនាគារ​ព្រៃ​ស ប៉ុន្តែ គាត់​ពុំមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ជូន​ពួកគេ​ទៅ​ទេ។

លោក​និយាយ​ទាំង​រលីងរលោង​ទឹកភ្នែក​ថា ៖ «នាង​ប្រាប់​ឲ្យ​ខ្ញុំ​ទៅសុំ​អង្វរ​គេ​ឲ្យ​ដោះលែង​ម្ដាយ​នាង​ចេញពី​គុក។ ខ្ញុំ​ពិតជា​ខ្លោចផ្សារ​ក្នុង​ចិត្ត​ណាស់ នៅ​ពេលឮ​កូន​និយាយថា ម៉េច​ប៉ា​មិន​ជួយ…ឲ្យ​គេ​ចាប់​ម៉ាក់​ទៅ​អ៊ីចឹង»។

ក្រោយមក​នាង​បាន​អាក់ខាន​ក្នុងការ​ទៅ​សាលារៀន​ជា​ញឹកញាប់ ដើម្បី​ចូលរួម​ជាមួយ​អ្នកភូមិ ក្នុង​ការដើរ​ដាក់​ញ​តិ្ត​សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​ម្ដាយ​និង អ្នកភូមិ​បឹងកក់១៤នាក់​ទៀត។

ក្នុងការ​ដាក់​ញ​តិ្ត​នោះ នាង​បាន​ខំប្រឹង​ស្រែក​ផង​យំ​ផង​ថា ៖«ដោះលែង​អ្នក​ម្ដាយ​និង​អ្នកភូមិ​របស់ខ្ញុំ​វិញ​មក ពួកគាត់​គ្មាន​កំហុស​ទេ។ គាត់​មិនមែនជា​ចោរលួច​ប្លន់​ទ្រព្យសម្បត្តិ​អ្នកណា​ទេ ពួកគាត់​គ្រាន់តែ​ការពារ​ដី និង​ផ្ទះ​សម្រាប់​ក្រុមគ្រួសារ និង​សហគមន៍​ក្នុង​តំបន់​បឹងកក់​ប៉ុណ្ណោះ»។

ដោយមាន​ជំងឺ​កាលពី​ម្សិលមិញ នាង​ពុំមាន​វត្ត​មាននៅ​ក្នុងកា​រ​ចូលរួម​បង្ហោះ​ប៉េងប៉ោង និង​បួងសួង​នៅមុខ​ព្រះអង្គ​ដង​កើ ជាមួយ​អ្នកភូមិ​ប្រមាណ៥០នាក់​ទៀត ដើម្បី​សុំ​ឲ្យ​ព្រះ​បារមី​ស័ក្ដិសិទ្ធិ​ជួយ​បន្ទន់ចិត្ត​សាលាឧទ្ធរណ៍​ឲ្យ​ដោះលែង​ម្ដាយ​និង​អ្នកភូមិ​វិញ​នោះទេ។

តាមរយៈ​ការប្រឹងប្រែង​ដើរ​ដាក់​ញត្តិ​កន្លងមកនេះ និង​ដោយមាន​ការគាំទ្រ​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អ្នកភូមិ​បឹងកក់​ពីរ​នាក់​ត្រូវបាន​តុលាការ​រាជធានី​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ដោះលែង​ឲ្យ​នៅ ក្រៅ​ឃុំ ហើយ​សាលាឧទ្ធរណ៍ ក៏បាន​សម្រេច​បើកសវនាការ​លើ​សំណុំរឿង​ស្ត្រី​បឹងកក់១៣ នាក់ ដែល​ក្នុងនោះ​រួមទាំង​ម្ដាយ​របស់​នាង​ម្នាក់​ផង​នៅ​ថ្ងៃ​ពុធ​សប្តាហ៍ ក្រោយនេះ ដែល​នាង​សង្ឃឹមថា ថ្ងៃនោះ​ជា​ថ្ងៃ​ដែល​នាង​បានរស់នៅ​ជួបជុំ​ម្ដាយ​របស់​នាង​វិញ៕

 

 

អាមេរិក ស្នើ​ឲ្យ​ដោះលែង​អ្នក​ភូមិ​បឹងកក់

ឃុត សុភចរិយា និង SHANE WORRELL  ភ្នំពេញប៉ុសិ៍ ថ្ងៃទី១៥ មិថុនា ២០១២

អ្នក​បឹងកក់​ទាំង​ក្មេង​ទាំងចាស់ តវ៉ា​ទទូច​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង ១៥ នាក់។ រូបថត ម៉េង គីម​ឡុង

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ហោ ណាំហុង នៅ​ជំនួប​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា ចំណាត់ការ​បែបនេះ​នឹង​ជួយ​គាំទ្រ​សេរីភាព​នៃ​ការបញ្ចេញមតិ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​អ្នកស្រី Victoria Nuland បាន​ថ្លែង​ក្រោយ​ជំនួប​រវាង​មន្ត្រី​ទាំងពីរ​ថា លោកស្រី គ្លី​ន​តុ​ន​បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការតវ៉ាថ្មីៗនេះ​ទាក់ទង នឹង​បញ្ហា​សិទ្ធិ​ដីធ្លី ហើយ​ទទូច​ឲ្យ​កម្ពុជា​អនុញ្ញាត​ឲ្យ​ទណ្ឌិត​ជា​អ្នកភូមិ​បឹងកក់​ទទួលបាន​ដំណើរ​ការដែល​ត្រឹមត្រូវ ពេញលេញ។ អ្នកស្រី Nuland បាន​ថ្លែងថា៖«ហើយ​លោកស្រី​ពិតជា​កត់សម្គាល់​ឃើញថា ការដោះលែង​ពួកគេ​នឹង​ក្លាយជា​សញ្ញា​នៃ​ការគាំទ្រ​សេរីភាព​នៃ​ការ បញ្ចេញមតិ»។

ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​តវ៉ា​ពី ការបណ្តេញចេញ​នៅ​តំបន់​បឹងកក់​ពីថ្ងៃ​ទី ២២ ខែឧសភា ហើយ​ត្រូវបាន​ចោទប្រកាន់ ២ ថ្ងៃ​ក្រោយមក​ពីបទ​បង្កជម្លោះ​ជាមួយ​អាជ្ញាធរ និង​រំលោភ​លើដី​ដែល​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ស៊ូ​កា​គូ​អ៊ី​ន​របស់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា លោក ឡាវ ម៉េង​ឃី​ន។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ផ្តន្ទាទោស​ស្ត្រី​ទាំងនោះ រួមទាំង​ស្ត្រី​វ័យ៧២ ឆ្នាំ​ម្នាក់​ផង​ឲ្យ​ជាប់ពន្ធនាគារ​ពី១ឆ្នាំទៅ២ឆ្នាំកន្លះ។

សមាជិកសភា​គណបក្ស​សមរង្ស៊ី​លោកស្រី មូរ សុខ​ហួរ ដែល​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​បន្ទាប់ពី​ការកាត់ទោស នោះបាន​ថ្លែងថា ប្រសាសន៍​របស់លោក​ស្រី គ្លី​ន​តុ​ន វិជ្ជមាន​ខ្លាំងណាស់។

លោកស្រី​ថ្លែង​ពី​សហរដ្ឋអាមេរិក​ជាទី​ដែល​លោកស្រី ក៏បាន​ចូលជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ថា៖ «វា​មាន​មូលដ្ឋាន​ច្បាស់​សម្រាប់​លោកស្រី​ចោទសួរ​ពី​កង្វះ​ដំណើរការ ត្រឹមត្រូវ​ពេញលេញ​នោះ»។

លោកស្រី​បន្តថា៖ «ខ្ញុំ​ជឿ​ជា​វិជ្ជមាន​ថា វឌ្ឍនភាព​នឹងមាន។ រង់​ចាំមើល​សាលាឧទ្ធរណ៍។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ពួកគេ​នឹង​ត្រូវបាន​ដោះលែង មុនពេល​លោកស្រី​ហ៊ី​ឡា​រី ទៅដល់​ភ្នំពេញ​នៅ​ខែកក្កដា[ដើម្បី​ចូលរួម​វេទិកា​តំបន់​អាស៊ាន]»។

លោកស្រី​បន្តទៀតថា៖ «ខ្ញុំ​មាន​ទំនុកចិត្ត​ថា លោក ហោ ណាំហុង ស្តាប់​បាន​សារ[លោកស្រី​គ្លី​ន​តុ​ន]។ វា​ជា​ស្ថានភាព​ឈ្នះ​ឈ្នះ​ដើម្បី​បញ្ចប់​ករណីនេះ​នៅ​សាលាឧទ្ធរណ៍»។

ប្រសាសន៍​លោកស្រី គ្លី​ន​តុ​ន បានផ្តល់​ក្តីសង្ឃឹម​ខ្លះ​ដល់​សហគមន៍​បឹងកក់​ដែល​បាតុករ​ពួកគេ​បានចេញ មក​តវ៉ា​តាម​ដងផ្លូវ​ជាថ្មីទៀត​កាលពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​ស្នើ​ឲ្យ អាជ្ញាធរ​អន្តរាគមន៍។

លោក អ៊ូ គង់​ជា ប្តី​អ្នកស្រី ទេព វ​ន្នី ជា​សកម្មជន​ជាប់ពន្ធនាគារ បាន​ថ្លែងថា៖ «ខ្ញុំ​រីករាយ​ណាស់ គាត់​បារម្ភ​ពី​សហគមន៍​យើង។ ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា​នឹង​គិតពី​ការអត្ថាធិប្បាយ​របស់គាត់ និង​ដោះលែង​មិត្ត​យើង​ទាំង ១៥នាក់»។

លោក សៀក ហេង ដែល​ប្រពន្ធ​ឈ្មោះ គង់ ចន្ថា បាន​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដែរនោះ បាន​ថ្លែងថា គេ​មិនអាច​ព្រងើយកន្តើយ​នឹង​បញ្ហា​នេះ​តទៅទៀត​ឡើយ។

លោក​ថា៖ «ព័ត៌មាន​អំពី​វិវាទ​នេះ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​ដោះស្រាយ»។

អ្នកស្រី យម បុប្ផា អ្នក​តវ៉ា​បាន​ថ្លែងថា នគរបាល​បាន​រារាំង​និង​គំរាម​ចាប់ខ្លួន​ក្រុមអ្នកតវ៉ា​មាន គ្នា១០០នាក់ ខណៈ​ពួកគេ​ដើរ​ដង្ហែ​ឆ្ពោះ​ទៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹង​ញត្តិ ដែល​ទីបំផុត​មិនបាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ដែល​កំពុង​រង់ចាំ​នោះទេ។ អ្នកស្រី​ថា ៖ «យើង​ភ័យខ្លាច​ថា គេ​ដា​ក់វា​ក្នុង​ធុងសំរាម»។

នគរបាល​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ នៅពេល​សួរថា តើ​មានបាន​គំរាម​ចាប់ខ្លួន​ជនណាម្នាក់​ដែរ​ទេ?

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ បាន​ថ្លែងថា រដ្ឋាភិបាល​គួរ​ឲ្យ​ករណីនេះ​ត្រូវបាន​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍ ឲ្យ​បាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន។ លោក​ថ្លែងថា៖ «ខ្ញុំ​គិតថា រដ្ឋាភិបាល​គួរ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្រាប់​ប្រជាជន​បឹងកក់»។

លោកស្រី គ្លី​ន​តុ​ន ក៏បាន​កោតសរសើរ​ក​ម្ពុ​ជា ដែល​មិន​បន្ត​អនុវត្ត​ជាមួយនឹង​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ រដ្ឋាភិបាល​ដែល​បានស្នើ​ឡើង​ហើយ​រង​ការរិះគន់​ជាទូទៅ លោកស្រី​ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​ដោយ​យុ​តិ្ត​ធម៌ និង​សេរី នៅ​ឆ្នាំ​ក្រោយនេះ។

លោកស្រី​បន្តថា ទោះយ៉ាងណា​វា​អាស្រ័យ​លើ​ប្រជាជន​កម្ពុជា​ត្រូវ​សម្រេច​ថា តើ​លោក សម រង្ស៊ី គួរ​វិលត្រឡប់​សម្រាប់​ការបោះឆ្នោត​ឬ​យ៉ាងណា?

លោកស្រី មូរ សុខ​ហួរ បាន​ថ្លែងថា គណបក្ស​របស់លោក​ស្រី នឹង​បន្ត​ជំរុញ​ឲ្យ​លោក សម រង្ស៊ី វិលត្រឡប់​មកវិញ ដោយ​លោកស្រី បាន​បន្ថែមថា លោកស្រី​ពេញចិត្ត​បំផុត​ដែល​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ពិចារណា​បញ្ហា របស់លោក​ស្រី នៅពេល​លោកស្រី​ជួប​ជាមួយនឹង​ពួកគេ។

ទោះជា​យ៉ាងណា លោកស្រី​នៅតែ​បន្ត​ជំរុញ​ឲ្យ​អាមេរិក​កាត់បន្ថយ​ជំនួយ​យោធា​ដល់​កម្ពុជា នៅពេល​លោកស្រី​ចូលរួម​កិច្ចប្រជុំ​បន្តទៀត នៅ​ក្រុង​វ៉ាស៊ីនតោន នា​សប្តាហ៍​ក្រោយ។ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បដិសេធ​មិន​ផ្តល់​ការអត្ថាធិប្បាយ​ទេ៕ CR/TK

រាយការណ៍​បន្ថែមៈ វង្ស សុ​ខេង

 

 

កូន​ៗរបស់​​​អ្នក​​ភូមិ​បឹង​កក់ ទ្រ​ហោ​យំ ទទូច​អង្វរ​​សុំ​​​រក​យុត្តិធម៌​​ជូន​អ្នក​​​ម្តាយ​

ភ្នំពេញប៉ុស្តិ៍ ព្រហស្បតិ៍ ទី៣១ ឧសភា ២០១២ ឃុត សុភចរិយា

ភ្នំពេញៈនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កុមារា និងកុមារីជាច្រើនរូបបានបង្ហូរទឹកភ្នែកជោកថ្ពាល់ នៅមុខក្រសួងយុត្តិធម៌ ទាមទាររកយុត្តិធម៌ជូនអ្នកម្តាយរបស់ពួកក្រោយពីកុលាការ

រាជធានីកាត់ទោសឲ្យជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ កន្លះ។

កុមារ ដែលជាកូនរបស់ជនរងគ្រោះដោយសារការការពារដីធ្លី និងលំនៅស្ថានក្នុងតំបន់បឹងកក់ និង សាច់ញាតិរបស់ពួកគេ ក៏បានទាមទារឲ្យមានកិច្ចអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំនៃ

ក្រសួងនោះ នឹងរាជរដ្ឋាភិបាលឲ្យជួយដោះលែងអ្នកម្តាយរបស់ពួកគេផងដែរ។

កុមារីម្នាក់ឈ្មោះសៀក ម៊ីលីអាយុ១២ឆ្នាំ រៀននៅសាលាបឋមសិក្សាកូលាបទី១ ដែលជាកូនស្រីអ្នកស្រីគង់ ចន្ថាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅកន្លែងដែលពួកគេជួបជុំនោះថា «ខ្ញុំត្រូវការអ្នកម្តាយរបស់ខ្ញុំ មានសេរីភាពឡើងវិញ»។