សហគមន៍ និង​សមាគម​ដីធ្លី​៤ ស្នើ​សាលា​រាជធានី​សុំ​ធ្វើបាតុកម្ម​១​ខែ ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​១៩​នាក់​​

ដោយ៖ណាត សុភាព, VOD សំឡេងប្រជាធិបតេយ្យ,  ថ្ងៃទី១២ខែមករា ឆ្នាំ២០១៥

yaom_bopha_15_01_12-2015-01-12
អ្នក​ស្រី យ៉ោម បុប្ផា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌នៅ​មុខ​សាលារាជធានី​ភ្នំពេញ (រូបភាព៖ ណាត សុភាព)

​សហគមន៍ និង​សមាគម​ដីធ្លី​ចំនួន​៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជូនដំណឹង​ជា​ផ្លូវការ​ទៅ​សាលា​រាជធានី​ភ្នំពេញ គំរាម​ធ្វើបាតុកម្ម​រយៈពេល​១​ខែ​ពេញ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ស្វែងរក​ការដោះលែង​អ្នក​ជាប់​ពន្ធនាគារ​នៅ​ព្រៃ​សទាំង​១៩​នាក់​ ឲ្យមាន​សេរីភាព​វិញ ។​

​សហគមន៍ និង​សមាគម​នោះ​រួមមាន សហគមន៍​បូរី​កីឡា​៣​មករា សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) សមាគម​បឹងកក់ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ ។​

​តំណាង​សមាគម​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែង​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ថា មូលហេតុ​ដែល​ពួកគាត់​ជូនដំណឹង​សុំ​ធ្វើ​បាតុកម្មអហិង្សា ដោយសារ​អាជ្ញាធរ​ចាប់​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​បក្សប្រឆាំង​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ។ អ្នកស្រី​ព្រមាន​ថា បើទោះបី​សាលា​រាជធានី​មិន​អនុញ្ញាត​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​១៩​នាក់​នោះ​ឲ្យមាន​សេរីភាព​វិញ និង​គ្មាន​លក្ខខណ្ឌ ។

អ្នកស្រី  យ៉ោម បុប្ផា មាន​ប្រសាសន៍​​ថា « ​តាមពិត​យើងទាំងអស់គ្នា​អត់​ចង់​ទេ​រឿង​បាតុកម្ម​រឿង​អី ព្រោះ​កន្លងមក​យើង​ឈឺចាប់​ច្រើនណាស់ អញ្ចឹង​យើង​អត់​ចង់​ទេ បើ​មិន​ឲ្យ​ខ្ញុំ​ធ្វើ (​ហើយ​) ពួក​ខ្ញុំ​ធ្វើ សហគមន៍​ធ្វើ ទាល់តែ​ដោះស្រាយ​ឲ្យ​ពួក​យើង​អ្វី​ដែល​ពួក​យើង​ចង់បាន ។ បើសិនណា​ជា​មិន​ដោះស្រាយ​ឲ្យ​ពួកយើង ពួក​យើង​នឹង​នៅ​បន្ត​ការជួបជុំ និង​ធ្វើការ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ទោះបីជា​មាន​ការរារាំង​ហាមឃាត់​ម៉េច​ក៏ដោយ ព្រោះ​កន្លងមក យើង​សង្ឃឹម​តិច​ណាស់​ក្នុង​ការ​ដែល​ឲ្យ​យើង​ធ្វើ​» ។​​

​ទោះជា​យ៉ាង​អ្នកស្រី យ៉ោម បុប្ផា ថា នៅពេល​អ្នកស្រី​យក​លិខិត​ជូនដំណឹង ដាក់​ទៅ​សាលា​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មន្ត្រីរដ្ឋបាល​ថា​អ្នកស្រី​ខ្វះ​ឯកសារ​អត្តសញ្ញាណប័ណ្ណ ដោយ​ស្ថាប័ន​នេះ​លើក​ពេល​ជួប​អ្នកស្រី​នៅ​ម៉ោង​២​រសៀល​វិញ ។​

​អ្នកស្រី យ៉ោម បុប្ផា ឲ្យដឹង​បន្ត​ថា ការធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ខាង​មុខ​នេះ គឺ​មិន​បាន​កំណត់​ពី​ចំនួន​អ្នកចូលរួម​ធ្វើបាតុកម្ម​នោះទេ តែ​អ្នកស្រី​សង្ឃឹមថា​នឹង​មាន​អ្នកចូលរួម​ច្រើន​ដូច​ការរំពឹងទុក ។​

​តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ឲ្យដឹងថា គម្រោង​ធ្វើ​បាតុកម្ម​រាល់ថ្ងៃ​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៥​កន្លះ​ល្ងាច ចាប់ពី​ថ្ងៃ​ទី​២០ ខែ​មករា ដល់​ថ្ងៃ​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។​

​ចំណែក​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ ប្រាប់​VOD​ថា ការសម្រេច​ឲ្យធ្វើ​បាតុកម្ម​បាន ដរាបណា​មាន​ការសម្រេច​ពី​ថ្នាក់លើ​ជាមុនសិន ។​

​អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​មេធាវី​តំបន់​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក លោក ណៃ វ៉ង់​ដា យល់ថា សាលា​រាជធានី​ត្រូវ​អនុញ្ញាត​ឲ្យ​សហគមន៍ និង​សមាគម​ទាំងនោះ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ជៀសវាង​មាន​ការរិះគន់​ថា បិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​ ។ លោក​បន្ត​ថា « ​សាលា​រាជធានី​ភ្នំពេញ​ហ្នឹង​គួរតែអនុញ្ញាត​ឲ្យ​ខាង​បឹងកក់​ហ្នឹង​គេ​ ធ្វើបាតុកម្ម ទោះបីជា​ការស្នើ​សុំ​ហ្នឹង​(​មាន​)​រយៈពេល​១​ខែ​ក៏​ដោយ ដោយសារ​អី ដោយសារ​តែ​ទីលាន​ប្រជាធិបតេយ្យ​ហ្នឹង​ជា​កន្លែង​បញ្ចេញមតិ ។ ការ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​មិន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ មិន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដូច្នេះ គួរតែ​អនុញ្ញាតឲ្យ​គេ​ទៅ ហើយ​បើកាលណា​មិន​អនុញ្ញាត​ទេ បានន័យថា​យើង​មាន​ចេតនា​រាំងខ្ទប់​សំឡេង​របស់​ជនរងគ្រោះ​ហ្នឹងហើយ​»

គួរ​រំឮក​ថា អ្នក​ជាប់​ឃុំឃាំង​ទាំង​១៩​នាក់​នោះ ត្រូវបាន​ចាប់ខ្លួន​បន្ត​បន្ទាប់​ចាប់ពី​ចុង​ខែ​តុលា និង​ពាក់កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ ក្នុងនោះ​ស្ត្រី​បឹងកក់​ទាំង​១០​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ចោទ​ពី​បទ​ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍ និង​អ្នក​បឹងកក់​ម្នាក់​ទៀត​កញ្ញា លី សៀវ​ម៉ី ត្រូវបាន​ចាប់ខ្លួន​ករណី​ដីធ្លី​ដែរ  ហើយ​ព្រះសង្ឃ​បី​អង្គ​ត្រូវ​ចោទ​ពីបទ​ចូលរួម​ជាមួយ​ក្រុម​បាតុ​ កម្មទុច្ចរិត ចំណែកឯ​សកម្មជន​សង្គ្រោះ​ជាតិ​ទាំង​៥​នាក់ ត្រូវ​ចោទ​ពី​បទ​បង្ក​ហិង្សា​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ ៕

អ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរសាជាថ្មី

នៅព្រឹកថ្ងៃអាទិត្យទី ២៨ ខែធ្នូឆ្នាំ២០១៤ មានអ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរបស់មជ្ឈមណ្ឌលអប់រំកែប្រែទី ២ (ម ២) ដើម្បីគាំទ្រដល់សកម្មជនសិទ្ធិដីធ្លីចំនួន១៨ ដែលត្រូវបានជាប់ឃុំបច្ចុប្បន្ន។ Continue reading “អ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរសាជាថ្មី”

សាលាឧទ្ធរណ៍កំណត់បើកសវនាការនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៥ខាងមុខ

នៅព្រឹកទី២៤ ខែធ្នូ មានប្រជាពលរដ្ឋប្រមាណ១០០នាក់ រួមទាំងសមាជិកគ្រួសាររបស់សកម្មជនឃុំខ្លួននិងសមាជិកសហគមន៍បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ ក្នុងគោលបំណងដើម្បីដាក់ញត្តិអំពាវនាវឱ្យសាលាឧទ្ធរណ៍ពន្លឿនការកាត់ក្តីសកម្មជនដែលបច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសម ១ និងម ២។ ញត្តិនេះក៏រួមបញ្ចូលទាំងស្ត្រីទាំង ៨ ដែលបានធ្វើកូដកម្មអត់អាហារ ១៤ ថ្ងៃចាប់តាំងពីទី ១០ ខែធ្នូ។ Continue reading “សាលាឧទ្ធរណ៍កំណត់បើកសវនាការនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៥ខាងមុខ”

ព្រះសង្ឃ​ផ្កាប់​បាត្រ​តជាលើកដំបូងនៅមុខក្រសួងយុត្តិធម៌

សមាជិករាប់រយនាក់នៃសហគមន៍ សកម្មជន និងព្រះសង្ឃបានប្រមូលផ្តុំគ្នាដើម្បីដាក់ញត្តិទាមទារដោះលែង១៨នាក់ នៅព្រឹកថ្ងៃពុធទី១៨ ខែធ្នូ ព្រះសង្ឃ និងសមាជិកសហគមន៍ប្រមាណជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅកន្លែងផ្សេងគ្នានៅកណ្តាលរាជធានីភ្នំពេញដើម្បីផ្តល់ញត្តិទៅស្ថាប័នរដ្ឋាភិបាល។ Continue reading “ព្រះសង្ឃ​ផ្កាប់​បាត្រ​តជាលើកដំបូងនៅមុខក្រសួងយុត្តិធម៌”

កូនៗរបស់ស្ត្រីជាប់ពន្ធនាគារ ជួបលោកស្រី អាណា ឯកអគ្គរដ្ឋទូតស៊ុយអែត

នៅថ្ងៃទី១៥ ខែធ្នូ ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជាលោកស្រី អាណា បានអនុញ្ញតឱ្យ កូនៗរបស់ស្ត្រីបឹងកក់ដែលកំពុងជាប់ពន្ធនាគារ នៅព្រៃសរបានចូលជួបពិភាក្សា និងរាយការណ៍ពីករណីរបស់ស្រ្តីបឹងកក់ និងសហគមន៍ផ្សេងទៀត ដែលក្នុងនោះមានការចូលរួមដោយលោកស្រី ពុង ឈីវកេក (ប្រធានអង្គការលីកាដូ) និងលោក អ៊ី សារ៉ុម (នាយកប្រតិបត្តិនៃសមាគមធាងត្នោត) ។ Continue reading “កូនៗរបស់ស្ត្រីជាប់ពន្ធនាគារ ជួបលោកស្រី អាណា ឯកអគ្គរដ្ឋទូតស៊ុយអែត”

ការប្រមូលផ្តុំគ្នាជាថ្មីនៅមុខពន្ធនាគារព្រៃសរ

នៅថ្ងៃអាទិត្យទី១៤ ខែធ្នូ សកម្មជនដីធ្លី លំនៅដ្ឋាន និងសកម្មជនសិទ្ធិមនុស្សប្រមាណជាង៥០០នាក់ (រួមទាំងសមាជិកសហគមន៍ក្រីក្រ ព្រះសង្ឃ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល) បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារព្រៃសរ ម២  នៅម៉ោង៧ព្រឹក។ Continue reading “ការប្រមូលផ្តុំគ្នាជាថ្មីនៅមុខពន្ធនាគារព្រៃសរ”

អង្គការលីកាដូអំពាវនាវឱ្យដោះលែង មនុស្សទាំង១៨នាក់កំពុងជាប់ពន្ធនាគារព្រៃស

ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤៖ នៅថ្ងៃពុធ ប្រទេសកម្ពុជា នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ អង្គការ លីកាដូ សូមឆ្លៀតយកឱកាសនេះ សូមធ្វើការអំពាវនាវទទួច សូមឱ្យមានការចាប់អារម្មណ៍ទៅលើបុរស និងស្ត្រីចំនួន១៨នាក់។ Continue reading “អង្គការលីកាដូអំពាវនាវឱ្យដោះលែង មនុស្សទាំង១៨នាក់កំពុងជាប់ពន្ធនាគារព្រៃស”